2023-12-24 10:12
103

   ភ្នំពេញ ៖ រថយន្ត Lexus nx 200t មួយគ្រឿងបើកបុករថយន្ត Hilux Vigo នៅត្រង់ចំណុចភ្លើងស្តុបបែកជាបួនបណ្តាលឱ្យក្រឡាប់ផ្ងារជើងម្ខាង ចាក់សម្ភាររាយពេញផ្លូវ តែសំណាងល្អមិនមានអ្នករងរបួស កាលពីវេលាម៉ោង ២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបណតប្រ៊ីត តាមបណ្តោយផ្លូវណត ប្រ៊ីត កែងនឹងផ្លូវលេខ២០០៤ ស្ថិតក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
   បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត Hilux Vigo មួយគ្រឿងពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2L-7489ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើភ្លើងស្តុបបំបែកជាបួន ស្រាប់តែមានរថយន្តម៉ាក Lexus  nx 200t មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន2A-5559ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីតក្នុងទិសដៅពីត្បូងទៅជើង ជ្រុលទៅបុករថយន្ត Vigo ពីចំហៀងខាងក្រោយខាងស្តាំបណ្ដាលឱ្យរថយន្ត Vigo ក្រឡប់ផ្ងារជើងម្ខាង ចាក់សម្ភាររាយពេញផ្លូវ តែសំណាងល្អមិនមានអ្នករងរបួស។ ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។
    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាជិត២ម៉ោង នៅតែមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕