2023-10-18 09:10
307

ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួននៅតែបន្តបង្ហោះជាសាធារណៈថាទីតាំង យីហោ ក្រុមហ៊ុន ស៊ីងវៃ  មានបង្កប់ល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅខាងក្នុង ។ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាបានបន្តចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង ពុំឃើញមានដូចការចុះផ្សាយនោះឡើយ។

សូមជម្រាប់ជូនថា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៣ នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានចាត់ឲ្យ លោក ណុប ផា អភិបាលរងទទួលបន្ទុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំងយីហោ ក្រុមហ៊ុន ស៊ីងវៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លូវលេខ១១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៊ីសងឡើយ។

ការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរទីតាំងក្រុមហ៊ុន ស៊ីងវៃ នេះ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យជាច្រើនលើកច្រើនសារមកហើយដែលមានបណ្ដាញសង្គមក៏ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយថាក្នុងទីតាំងនេះគឺមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ក៏ប៉ុន្តែអាជ្ញាធរចុះត្រួតពិនិត្យមិនមានអ្វី គួរឲ្យសង្ស័យ និងពាក់ព័ន្ធឡើយ។

តែទោះជាយ៉ាងណាអាជ្ញាធរនិងឲ្យកម្លាំងជំនាញធ្វើការស៊ើបអង្កេតស្រាវជ្រាវ បន្តទៀតផងដែរ៕