2024-03-22 05:03
32

ព្រះសីហនុ៖ ជនដៃដល់ពាក់ព័ន្ធក្នុងករណីឃាតកម្មដោយចេតនាយកពូថៅកាប់លើជនរងគ្រោះ ចំនួន ០២នាក់មិនបានសម្រេច នៅស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវរហូតកំណត់ទីតាំងលាក់ខ្លួន និងឈានដល់ការចាប់ខ្លួននៅខេត្តព្រះសីហនុ។ 

 តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២៤​ វេលាម៉ោង ១៧និង៣០នាទី​ កម្លាំងជំនាញនាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ​ ឡឹក ស៊ីនិត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ នៅចំណុចក្រុមទី៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធសំណុំរឿងករណី «ឃាតកម្មដោយចេតនា»

 សូមរំឭកថា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ មានករណីមនុស្សឃាតដោយចេតនា បានកើតឡើង នៅចំណុច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើងដោយជនសង្ស័យឈ្មោះ ឡឹង ស៊ីនិត ភេទប្រុស អាយុ ៣៩ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និង ឈ្មោះ ខឹម សុផល ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត បានរត់គេចខ្លួនបាត់បាត់ស្រមោល។