2024-02-02 12:02
69

ឧត្តរមានជ័យ៖ ឪពុកចុងតិរិច្ឆានម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់ប្រពន្ធចោទប្រកាន់ពីបទៈ ចាប់រំលោភសេពសន្ថវលើកូនស្រីចុងអាយុ ១២ឆ្នាំ បានសម្រេច។

មន្ត្រីប៉េអឹមខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង វ៉ាន បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ត្រូវជាកូនចុង។

ប្រភពបន្តទៀតថា ជនសង្ស័យដែលរួមភេទជាមួយកូនចុងមិនទាន់គ្រប់អាយុ មានឈ្មោះ ផាច ទូ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិរំលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ឃ.ស.ណ. អាយុ ១២ឆ្នាំ មានទីលំនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ 

មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ជនសង្ស័យជាប្តីចុងបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវលើកូនស្រីរបស់ខ្លួនកាលពីកន្លងទៅថ្មីនេះ ដែលបានប្រព្រឹត្តនៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ប្រភពបន្តទៀតថា ក្រោយពីបែកធ្លាយរឿងឪពុកចុងរួមភេទជាមួយកូនស្រីម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងសមត្ថកិច្ចឃាត់ខ្លួន ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការសាលាដំបូងខេត្ត។

បច្ចុប្បន្នជនសង្ស័យជាឪពុកចុង ត្រូវបានកម្លាំងជំនាញកំពុងកងរាជអាវុធហត្ថកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕