2023-10-02 06:10
266

ភ្នំពេញ៖ អភិបាលរងស្រុកបុរីជនសារ លោក សាន់ សុះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សុំការបំភ្លឺករជាលើកឡើងពីភាពមិនប្រក្រតី លើការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន ៦.០០០ដុល្លារ សម្រាប់ធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម ភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ដែលជាប្រាក់ឧបត្ថម្ភរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តតាកែវ។
    យោងតាមលិខិតរបស់ ACU បានឱ្យដឹងថា ពាក្យប្ដឹងដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ និងស្មារតី អង្គប្រជុំពិនិត្យពាក្យប្ដឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមជម្រាប លោកអភិបាលរងស្រុកថា “អ.ប.ព. បានទទួល និងពិនិត្យលើពាក្យប្តឹងដែលបានលើកឡើងថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោកបានទទួលប្រាក់ឧបត្ថម្ភចំនួន ៦.០០០ដុល្លារអាមេរិក របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តតាកែវ ដើម្បីធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម ភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ប៉ុន្តែដំបូលសំយ៉ាបមុខវិហារឥស្លាមនោះ បានធ្វើរួចរាល់ជាស្ថាពរតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មកម្ល៉េះ ដោយការចំណាយលើការសាងសង់ដំបូលវិហារនោះ បានមកពីការរៃអង្គាសគ្នារបស់អ្នកភូមិ និងការសុំជំនួយពីសប្បុរសជនក្នុង និងក្រៅស្រុក”។
    អង្គភាពប្រឆាំងអំពើពុករលួយ៖ តើប្រាក់ឧបត្ថម្ភចំនួន ៦.០០០ដុល្លារអាមេរិក របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ដើម្បីធ្វើ ដំបូលសំយ៉ាបមុខវិហារឥស្លាមភូមិកំពង់យោល លោកយកទៅចាត់ចែង និងចំណាយលើគម្រោងអ្វីខ្លះ? សេចក្តីដូចបានរៀបរាប់ខាងលើ សូមលោកអភិបាលរងស្រុក បំភ្លឺករណីនេះ និងផ្ដល់ឯកសារពាក់ព័ន្ធ មក អ.ប.ព. វិញឲ្យបានឆាប់ ហើយការបំភ្លឺរបស់លោក គឺជាមូលដ្ឋានសម្រាប់ អ.ប.ព. ពិចារណាថាត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តលើពាក្យប្ដឹងនេះ៕