2023-04-15 10:04
332

កំពង់ចាម៖ សម្រាប់ចូលឆ្នាំថ្ងៃទី២ បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាងកន្លះលាននាក់ មកកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម។

ការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋជាតិ អន្តរជាតិ ផ្តើមចេញដោយសារប្រទេសជាតិមានសុខសន្តិភាព និងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ របស់អាជ្ញាធរខេត្តកំពង់ចាមបានល្អ ទើបថ្ងៃចូលឆ្នាំទី២ ដែលត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម ប្រមាណជាងកន្លះលាននាក់។

តាមរបាយការណ៍ មន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹងថា ថ្ងៃទីពីរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ចាម សរុបមាន ចំនួន ៥១៥ ១២៩នាក់ ក្នុងនោះភ្ញៀវជាតិមាន ចំនួន ៥១៤ ៩៨០នាក់ និងភ្ញៀវបរទេសមាន ចំនួន ១៤៩នាក់៕