2024-01-09 03:01
76

ខេត្តកោះកុង៖  លោកអភិបាលរង បានលើកឡើងថាកិច្ចប្រជុំក្រុមប្រឹក្សា គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលជាតំណាង និងការពារផលប្រយោជន៍ រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកោះកុង ដើម្បីលើកកម្ពស់គុណភាព, ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជា ពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការអភិវឌ្ឍន៏សមត្ថភាព និងបង្កើន ប្រសិទ្ធភាព នៃការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទិសដៅសំខាន់ៗរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុងរួមមាន៖
-ពង្រឹងស្ថាប័នសមាគម ដែលជាយន្តការតំណាងឲ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ឲ្យមានសមត្ថភាព
-ជំនាញ និង វិជ្ជាជីវៈដើម្បីធ្វើសកម្មភាពបម្រើផលប្រយោជន៍សមាជិក
-ពង្រឹងចីរភាពហិរញ្ញាវត្ថុ ដោយផ្តោតលើការយកចិត្តទុកដាក់ប្រាក់សមាជិកភាព និងការកៀគរធនធានពីខាងក្រៅ និងនៅក្នុងមូលដ្ឋាន។
-អភិវឌ្ឍន៍សមត្ថភាពសមាជិក តាមរយៈការបណ្តុះបណ្តាល និងកិច្ចប្រជុំនានា
-ទំទាក់ទំនងសម្របសម្រួល លើរាល់បញ្ហា និងតម្រូវការរួមជាមួយអង្គការជាតិ អន្តរជាតិ មន្ទីរ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយ និងការអភិវឌ្ឍន៏នៅមូលដ្ឋាន
-លើកកម្ពស់សមធម៌យេនឌ័រ នៅក្នុងវិស័យនយោបាយនៅមូលដ្ឋាន និងបរិយាប័ន្ន
-ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយមានការយកចិត្តទុកដាក់ លើការប្រែប្រួលអាកាសធាតុ
-ចុះទំនាក់ទំនង និង ពង្រឹងសាខាតាមបណ្តាលក្រុង ស្រុក
-ពង្រឹងកិច្ចប្រជុំសាខាថ្នាក់ក្រុង ស្រុក (ប្រជុំប្រចាំត្រីមាស)។

កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពរបស់សមាគមរយៈពេលមួយឆ្នាំកន្លងមក និងអនុម័ត ផែនការ សកម្មភាព និងថវិកាឆ្នាំ២០២៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង ដែលបានចូលរួម ក្នុងកិច្ចប្រជុំនេះ មេត្តាយកចិត្តទុកដាក់ និងចូលរួមពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញបទពិសោធន៏ ព្រមទាំង បំពេញតួនាទី ភារកិច្ចក្នុងអាណត្តិ ឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងការរួមចំណែកផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើង។ ម្យ៉ាងទៀតខិតខំប្រមូលបញ្ហា និងដោះស្រាយជូនប្រជាពលរដ្ឋ តាមរយៈការធ្វើវេទិការសាធារណៈ និងការចុះពិគ្រោះយោបល់នៅតាមក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្ត។

នៅក្នុងដំណើរការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍គំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតំណាងឲ្យ ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ និងនៅថ្នាក់ជាតិ។ រាជរដ្ឋាភិបាលបានចាត់ទុកស្ថាប័នតំណាង នេះថា៖ ជាស្ថាប័នមួយដែលដើរតួនាទី និងជាដៃគូយ៉ាងសំខាន់នៅក្នុងការជម្រុញដំណើការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការអនុវត្ត អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។ រាជរដ្ឋាភិបាលយល់ឃើញថា៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង នឹងដើរតួនាទីសំខាន់ដូចសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានដែរ។ ដើម្បីអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រង់ រដ្ឋ បាលឃុំ សង្កាត់ឲ្យមានប្រសិទ្ធិភាព និងទទួលបានជោគជ័យ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ។ កម្មវិធីជាតិ បានលើកឡើងថា៖ “ការគាំទ្រ រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យមានលទ្ធភាពបំពេញមុខងារប្រកបដោយប្រសិទ្ធភាព មានស្វ័យភាព និងមានគណនេយ្យ ភាព ចាំបាច់ត្រូវបង្កើតស្ថាប័នគាំទ្រនានា ដើម្បីជួយពង្រឹងអាណត្តិតាមផ្លូវច្បាប់ និងកិច្ចប្រតិបត្តិកា ររបស់រដ្ឋបាល ទាំងនោះ។ ក្នុងន័យនេះ ត្រូវសិក្សារៀបចំឲ្យមាននូវសម្ព័ន្ធភាពជាតិ និងសមាគមក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានសមត្ថភាព និងធនធានសមស្រប ដើម្បីលើកកម្ពស់នូវតួនាទីរបស់ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ និងការចូលរួមក្នុងការកសាងវិជ្ជាជីវៈ មន្ត្រីរាជការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ"។

 ការលើកឡើងបែបនេះគឺជាការទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ សមាគមក្រុម ប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាដៃគូរបស់រាជរដ្ឋា ភិបាលនៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

ជាពិសេសទៀតនោះ គឺផ្តោតការយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗមួយចំនួនដែលត្រូវបន្តអនុវត្ត៖ «(១). លក្ខន្តិកៈ, (២). បទបញ្ជារផ្ទៃក្នុង,គោលនយោបាយគ្រប់គ្រងនិងប្រត្តិបត្តិការ(MOM) របស់សមាគម, (៣).ផែនការសកម្មភាពប្រចាំឆ្នាំរបស់សមាគមនិងគម្រោងគាំទ្រដែលបានមកពីដៃគូរដែលបានចុះកិច្ចព្រមព្រៀង ជាមួយសមាគមដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់។

បច្ចុប្បន្ននេះសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុងបាននឹងកំពុងមានកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូរដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នាចំនួន ៨អង្គការ ដោយមានអង្គការ អេដ អេ អាក់ស្យុង ដឹកនាំសម្របសម្រួល ក្នុងការពង្រីកការអនុវត្តគម្រោងថ្មីៗបន្ថែមទៀតនៅទូទាំងខេត្តកោះកុង មានស្រុកគោលដៅចំនួន៣ស្រុក គឺស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកគិរីសាគ ដោយផ្តោតលើផ្ទៃចំនួន៣ គឺ ទី១ អប់រំ ទី២សេវាទឹកស្អាត់ ទី៣អនាម័យ។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានជួយគាំទ្រ និងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃកិច្ចប្រជុំក្រុមប្រឹក្សាសមាគមនាពេលនេះ។ ហើយខ្ញុំក៏សូមថ្លែង អំណរគុណដល់អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានគាំទ្រ និងកំពុងបន្តការគាំទ្រដល់ដំណើការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

ក្នុងឱកាសដ៏មហោឡារិកនេះ ខ្ញុំសូមប្រកាសបិទកិច្ចប្រជុំក្រុមប្រឹក្សាសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង ចាប់ពីពេលនេះតទៅ និងសូមប្រសិទ្ធពរជ័យជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងអង្គពិធីទាំងមូល ជួបប្រទះនូវពុទ្ធពរទាំង៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ !
ថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ January 9, 2024