2024-03-13 04:03
64

(បាត់ដំបង)ៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៤ ក្នុងគោលបំណងបង្កើតការសប្បាយរីករាយជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

នៅក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៤នេះដែរ រដ្ឋបាលខេត្តក៏មានការរៀបចំផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈ លេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យ ស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំងបង្ហាញ នូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ចាប៉ីដងវែង ទុរេនយក្ស ណែមយក្ស និងនៅពេលរាត្រីមានការប្រគំតន្ត្រី ការប្រកួតកីឡាប្រដាល់គុនខ្មែរ ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌ក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយវិថី សម្ដេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណខាងមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្ត (សាលាខេត្ត) ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រដ្ឋបាលខេត្តបាត់ដំបង និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សាធារណជន ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទាំងក្នុង និងក្រៅប្រទេសនឹងមកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៤ ឱ្យបានច្រើនកុះករ អធិក អធម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ៕