2023-12-21 11:12
96

ខេត្តត្បូងឃ្មុំ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកក្រូចឆ្មារ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះថា មានករណអគ្គិភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋបណ្ដាលឱ្យខូចខាតអស់៤ខ្នងទាំងស្រុង ស្ថិតនៅភូមិទី៣ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា  អគ្គិភ័យឆាបឆេះនេះចេញពីចំណុចផ្ទះកណ្ដាល រាលដាលមកផ្ទះសងខាង បង្កជាអគ្គិភ័យឆេះយ៉ាងខ្មួលខ្មាញ់ផ្សែងហុយទ្រលោម។ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ខេត្តត្បូងឃ្មុំ ចំនួន ៥គ្រឿង និងរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ១គ្រឿង បានចេញទៅអន្តរាគមន៍ជួយបាញ់ពន្លត់ កុំឱ្យភ្លើងឆាបឆេះរាលដាលកាន់តែធំទៅដល់ផ្ទះផ្សេងទៀត ព្រោះនៅតំបន់នោះផ្ទះសាងសង់រាងកៀកៗគ្នា។

លោកវរសេនីយ៍ឯក សួស ស៊ាងលី អធិការនគរបាលស្រុកក្រូចឆ្មារ បានឱ្យដឹងថា លោកបានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យ របស់អធិការរដ្ឋាននគរបាលស្រុកក្រូចឆ្មារ១គ្រឿងចេញទៅបាញ់ទឹកមុនគេ ក្នុងចម្ងាយផ្លូវពីអធិការដ្ឋានទៅដល់កន្លែងផ្ទះកើតហេតុគ្រោះអគ្គិភ័យនោះ មានចម្ងាយប្រមាណជិត ២០គីឡូម៉ែត្រ។

ពេលទៅដល់ភ្លាមគឺភ្លើងបានឆេះយ៉ាងពេញបន្ទុកទៅហើយ ខណៈផ្ទះដែលឆេះមុនគេ ម្ចាស់មិននៅ គឺត្រូវឆេះអស់ទាំងស្រុង បន្ទាប់មក ភ្លើងក៏បានឆេះរៀលដាលបន្តមកផ្ទះផ្សេងទៀត សរុបទៅដល់ ៤ផ្ទះ ។

លោកវរៈសេនីយ៍ឯក សួស ស៊ាងលី អធិការនគរបាលស្រុកក្រូចឆ្មា បានឲ្យដឹងទៀតថសម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះរួមមានទី១. ផ្ទះ ឈ្មោះ មីន សលីហ: ភេទស្រី អាយុ៤០ឆ្នាំ ទំហំ ៦x៨ ធ្វើអំពីឈើ ប្រក់សង្ក័សី ឆេះទាំងស្រុង, ឆេះម៉ូតូ០២គ្រឿង ប្រាក់រៀល៨០ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។

២.ផ្ទះ ឈ្មោះ សុះ ម៉ាន ភេទប្រុស អាយុ៤៤ឆ្នាំ ទំហំ៧×១២ ធ្វើអំពីឈើ ប្រក់ក្បឿង ឆេះទាំងស្រុង ឆេះប្រាក់ដុល្លារ ១,១០០$ ប្រាក់រៀល ៨០ម៉ឺនរៀល ប្រាក់ម៉ាឡេ ៤០០រីងហ្គីត សម្ភារៈប្រើប្រាស់ផ្សេងៗទៀត។
៣-.ផ្ទះ ឈ្មោះ លីន ណាសៀត ភេទប្រុស អាយុ៣៥ឆ្នាំ ទំហំ ៦×១០ ធ្វើអំពីឈើ ប្រក់ដែកសង្ក័សី ទំហំ ៦x១០ ឆេះអស់ទាំងស្រុង ឆេះអស់ឈើ៥ម៉ែត្រគូបផ្សេងទៀត, ប្រាក់ដុល្លារ ៤០០០$ ម៉ូតូ០១គ្រឿង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។

៤. ផ្ទះឈ្មោះ ម៉ាត់ នាង ភេទប្រុ អាយុ៦៤ឆ្នាំ ទំហំ ៧x១២ ធ្វើអំពីឈើ ប្រក់ក្បឿង ឆេះទាំងស្រុង ឆេះមាស ៣តម្លឹង ប្រាក់ម៉ាឡេ ៤០០០រីងហ្គីត ប្រាក់រៀល ១លានរៀល ប្រាក់ដុល្លារ ២០០០$ ម៉ូតូ០១គ្រឿង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។

សមត្ថកិច្ចបានឲ្យដឹងដែរថា ចំពោះមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យឆាបឆេះនេះឡើង បើតាមការសន្និដ្ឋានជំហានដំបូង ថា គឺដោយសារឆ្លងចរន្តអគ្គិសនី៕