2023-09-28 05:09
141

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំកិច្ចពិភាក្សាការងារជាមួយក្រសួងបរិស្ថាន ពីការរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលប្រព្រឹត្ដទៅតាមប្រព័ន្ធអនឡាញ។

ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក ង៉ូវ បូរីណា និងលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន។

ក្នុងជំនួបនេះ លោកស្រីអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា នឹងចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីរួមខេត្តកំពង់ឆ្នាំង ដោយយោងតាមស្មារតីសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ និងផែនការយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ លោកស្រីអគ្គលេខាធិការរងទី១ និងថ្នាក់ដឹកនាំ នៃក្រសួងបរិស្ថាន ក៏បានពិភាក្សាលើកិច្ចសហការនាពេលអនាគត ដោយផ្ដោតលើការងារអាទិភាពចំនួន ៣ គឺទី១៖ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក  ២៖ការដាំដើមឈើឡើងវិញ ដោយបង្កើនវិសាលភាពព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ និង៣៖ ការលើកកម្ពស់ជីវភាពសហគមន៍ ដោយស្វែងរករបរចិញ្ចឹមជីវិតផ្សេងៗ ដែលអាចរកប្រាក់ចំណូលជូនប្រជាពលរដ្ឋបាន ជៀសវាងការកាប់ព្រៃឈើជាការរកចំណូល។

លោកស្រី ម៉ែន នារីសោភ័គ បានគូសរម្លឹកផងដែរថា កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងជានិច្ចកាល កាកបាទក្រហមកម្ពុជា គឺបានដើរតួយ៉ាងសំខាន់ ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដើម្បីជួយដល់ជនងាយរងគ្រោះ និងរងគ្រោះនៅតាមបណ្ដា ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា៕