2023-12-20 10:12
90

កណ្តាល៖     បុរសប្រើប្រាស់គ្រឿងញៀនម្នាក់ ធ្លាប់ជាប់គុកខេត្តកណ្តាលចំនួន ០២លើក និងបញ្ជូនទៅមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន ០៤លើក មិនព្រមកែប្រែខ្លួនជាពលរដ្ឋល្អ ក្រោយចេញពីគុកវិញ នៅសង្ស័យព្រាយក្បាលប្រាំបីប្រចាំគុកកាន់ នៅមិនសុខមិនសាប់យកដុំថ្មគប់ទៅលើផ្ទះអ្នកជិតខាងបណ្តាលឱ្យបែកកញ្ចក់ខូចខាត និងបង្កភាពអសន្តិសុខក្នុងសហគមន៍ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនឱ្យទៅដេកគុកសារជាថ្មីម្តងទៀត។ 
    ប្រភព័ត៌មានបានឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបែកចាន សហការជាមួយអធិការនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង ០៨និង៣០នាទីព្រឹក ចំណុច ផ្ទះជនរងគ្រោះ ក្នុងភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
   សូមជម្រាបថា គណនីហ្វេសប៊ុកឈ្មោះ Ratheany Ham បានបង្ហោះនូវខ្លឹមសារថា «ខ្ញុំបានដាក់ពាក្យបណ្តឹង រួចរាល់ហើយ ខ្ញុំចាំមើលនីតិវិធី របស់មន្ត្រីស្រុកអង្គស្នួល ខេត្តកណ្តាល ហើយវាមិនមែនលើកទីមួយ ច្រើនលើកច្រើនសារ ចូលកុកចេញៗ យកគុកធ្វើផ្ទះ ចេញមកលើកនេះលើសដើម រាល់ថ្ងៃរស់នៅទាំងភ័យខ្លាច ពុកម៉ែខ្ញុំចាស់ៗនៅផ្ទះជាមួយក្មេង វាបង្ករភាពចលាចលពេញភូមិរាល់ថ្ងៃ ប៉ុនប៉ងមនុស្សឃាត យកដំបងវៃប្អូនខ្ញុំ តែសំណាងរត់ចូលផ្ទះគេទាន់ គប់ផ្ទះបែកកញ្ចក់ខ្ទេច ហើយគ្មានដែលមានរឿងអីជាមួយអាសត្វនរកនឹងសោះ តែវាដើរសន្សំរឿង គេឯងគ្រប់គ្នា លើកនេះ បើមិនដោះស្រាយឱ្យល្អទេ ចាំមើលបន្តទៀត»។
    ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវឃាត់ខ្លួនបុគ្គលខាងលើចាត់ការតាមនីតិវិធី ដោយកម្លាំងប៉ុស្ដិ៍បែកចាន សហការជាមួយកម្លាំងផ្នែកជំនាញ ចុះទៅដល់កន្លែងកើតហេតុទទួលពាក្យបណ្ដឹងពីជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលរួចហើយ ដើម្បីសួរនាំចាត់ការតាមនីតិវិធីច្បាប់។
    ក្រោយពីសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានយកដុំថ្មគប់សំដៅផ្ទះជនរងគ្រោះបណ្ដាលឱ្យខូចខាតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ចំនួន ០២លើក ក្នុងករណីធ្វើឱ្យខូចខាតដោយចេតនារយៈពេល ០២ឆ្នាំ និងករណីធ្វើឱ្យខូចខាតដោយចេតនា រយៈពេល ០១ឆ្នាំ និងធ្លាប់ជាប់មណ្ឌលអប់រំបន្សាបគ្រឿងញៀន ចំនួន ០៤លើកផងដែរ»។
   ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ដើម្បីចាត់ការបន្ត៕