2023-12-12 07:12
95

 ភ្នំពេញ៖ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣និង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    អគ្គិភ័យបានឆាបឆេះឃ្លាំងមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
   លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅមុនពេលកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែងដែលស្ថិតនៅជិតសាលាសង្កាត់គោកឃ្លាង។ ភ្លាមៗនោះលោកបានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ចេញរថយន្តជួយសង្គ្រោះជាបន្ទាន់។
   លោកវរសេនីយ៍ឯកបន្តថា គ្រោះអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់យើងនៅបន្ដបាញ់ទឹកពន្លត់ឲ្យអស់រងើកភ្លើងចៀសវាងបង្កផលប៉ះពាល់ថែមទៀត។ តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន គ្រោះអគ្គិភ័យនេះសមត្ថកិច្ចជំនាញរបស់យើងបានជួយសង្គ្រោះទីតាំងឆាបឆេះទាន់ ប៉ុន្តែទោះជាយ៉ាងណាអគ្គីភ័យនេះបានធ្វើឱ្យខូចខាតទ្រព្យសម្បតិ្តក្នុងបន្ទប់អស់ទាំងស្រុង។
   លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចរបស់យើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន០៦គ្រឿង ដោយក្នុងនោះរួមមាន រថយន្តការិយាល័យចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០១ឡានស្មើនឹង០៤ម៉ែត្រគូប។
   លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីអគ្គិភ័យនេះគឺជាប្រភេទសំណង់ដែកប្រក់ស័ង្កសីទំហំ ៦ម៉ែត្រ គុណ ៤០ម៉ែត្រ បានបណ្តាលឱ្យឆេះបន្ទប់ដែកប្រក់ស័ង្កសីទំហំ (២ម៉ែត្រ គុណ ៤ម៉ែត្រ) ចំនួន ០៣បន្ទប់ រួមទាំងសម្ភារប្រើប្រាស់ក្នុងបន្ទប់អស់ទាំងស្រុង រឺឯមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕