2024-02-24 02:02
67

កំពង់ចាម : នៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងទិសដៅការងារបន្តនារសៀលថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២៤ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាមឯកឧត្តម អ៊ុន ចាន់ដាបានថ្លែងថាឆ្នាំសិក្សាថ្មី និងឆ្នាំសិក្សាបន្តទៅមុខទៀត បញ្ហាដែលយើងត្រូវដោះស្រាយចំពោះមុខគឺការ លើកកម្ពស់គុណភាពអប់រំឱ្យមានតុល្យភាពសមស្របទៅនឹងការពង្រីកបរិមាណអប់រំ ដែលប្រការនេះគឺជាគោលដៅពីរ នៃសកម្មភាពមួយដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបាននោះឡើយ ។ 

 ឯកឧត្ដម អភិបាលខេត្តកំពង់ចាមបានគូសបញ្ជាក់ថាបើចង់លើកកម្ពស់គុណភាពអប់រំគឺ ត្រូវកែលម្អល័ក្ខខ័ណ្ឌចាំបាច់នានានៃសកម្មភាពបង្រៀននិងរៀនបើចង់ពង្រីកបរិមាណអប់រំ គឺត្រូវ កសាងសាលារៀនបន្ថែម បណ្តុះបណ្ដាលគ្រូបង្រៀនបន្ថែម និងបន្ថែមសម្ភារសិក្សា ពីព្រោះថាចំនួនកុមារចូលដល់វ័យសិក្សាកាន់តែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកឯតម្រូវការរបស់ទីផ្សារ ក៏ដូចជាសង្គមជាតិ គឺសុទ្ធតែទាមទាររកធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាពផងដែរ។

 ឯកឧត្ដមអភិបាលខេត្តក៏បានស្នេីសុំឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការប្រមូលកុមារគ្រប់អាយុដើម្បីចូលរៀនឲ្យបានច្រើនប្រកប ដោយសមធម៌ ទោះបីជាពួកគេស្ថិតនៅទីកន្លែងណា រស់នៅក្នុងស្ថានភាពបែបណាក៏ដោយ ជាពិសេសនៅតំបន់ដាច់ស្រយាល ជួបការលំបាក ដោយអនុវត្តតាមទិសស្លោក “សាលារៀនគឺ ត្រូវស្វែងរកកុមារ ត្រូវតែខិតខំកសាងសាលារៀន ហើយបង្កើតបរិស្ថានរៀនសូត្រដល់សិស្សានុសិស្សឱ្យ ប្រកបដោយផាសុកភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពោលគឺប្រែក្លាយសាលារៀនជាសាលាកុមារមេត្រី ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង ចំណេះធ្វើ សមត្ថភាពជំនាញខ្ពស់ មានសីលធម៌រស់នៅល្អ ចេះរស់នៅជាមួយគ្នាដោយសុខដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ។ 

 ជាមួយគ្នានោះដែរឯកឧត្ដមអ៊ុន ចាន់ដាក៏បានធ្វើការអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ អ្នកពាក់ព័ន្ធជាមួយនឹងការងារអប់រំទាំងអស់ សូមធ្វើការផ្សព្វផ្សាយរាល់សេចក្តីណែនាំ                ផ្សេងៗ ពិសេសគឺការងារទាក់ទងនឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព ក្រុមក្មេងទំនើង” ការអនុវត្តបទបញ្ញតិនៃច្បាប់ចរាចរផ្លូវគោកការជួញដូរកុមារ និងការប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវបន្តផ្សព្វផ្សាយអប់រំដល់សិក្សានុសិស្ស ឲ្យយល់ដឹងពីការបង្ការទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ដើម្បីឱ្យពួកគេមានទុន មានគ្រឹះក្នុងការកសាង និងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជា “កូនល្អ សិស្សល្អ មិត្តល្អ” នៅថ្ងៃអនាគតផងដែរ