2023-03-29 05:03
433

 

ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។

ក្រោយអំពីស្តាប់នូវរបាយការណ៍ របស់ ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានរាយការណ៍ លទ្ធផលការងារនៃកិច្ចប្រជុំសន្និបាតរយពេលពេញមួយថ្ងៃរួចមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ សន្និបាតនេះ គឺជាឱកាសសម្រាប់ មន្រ្តីរាជការទាំងអស់គ្នា ប្រជុំបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី នៅរៀងរាល់ដំណាច់ឆ្នាំ ក្នុងបំណងពិនិត្យនូវសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ជាមួយបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានវិធានការបន្តដោះស្រាយ និងដើម្បីដាក់ចេញនូវផែនការសកម្មភាពការងារ ដែលត្រូវអនុវត្តសម្រាប់ឆ្នាំថ្មី ឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ។សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា សមិទ្ធផលដែលសម្រេចបានពេលនេះ ពិតជាបានមកដោយមានការចូលរួមធ្វើពលិកម្មយ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ធានាថែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម បន្តថា៖ ខេត្តព្រៃវែងជាខេត្តដ៏មានសក្ដានុពលសម្រាប់អភិវឌ្ឍវិស័យកសិកកម្ម ឧស្សាហកម្ម ហេតុនេះ រដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈ ងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្តល់ភាពអនុគ្រោះ សម្រាប់ការវិនិយោគ តាមរយៈការអនុវត្តច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលខេត្តមានសិទ្ធិសម្រេចអនុញ្ញាត ការវិនិយោគក្នុងទុនវិនិយោគដែលមានទំហំទឹកប្រាក់មិនលើសពី ៥ លានដុល្លារ សហរដ្ឋអាមេរិក។ ជាមួយនេះ ត្រូវបន្តខិតខំកៀរគរ និងលើកទឹកចិត្តដល់ការ វិនិយោគសម្រាប់ការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ទេសចរណ៍ និងសហគ្រាសធុន តូច មធ្យម សម្រាប់បង្កើតឱកាសការងារ ប្រាក់ចំណូល សំដៅលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម បានមានប្រសាសន៍ណែនាំ ដល់កងកម្លាំង អាជ្ញាធរ ខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសនានានៅមូលដ្ឋាន ជាពិសេសសកម្មភាពជួញដូរចែកចាយប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាម មូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋាន ទូទាំងខេត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់នៅតាមមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានបំពាកគ្រឿងឥស្សរិយយស ដល់មន្រ្តីរាជការដែលមានស្នាដៃការងារផងដែ៕