2023-12-15 11:12
133

ពោធិ៍សាត់៖ លោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមសហការ ជាមួយកម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលស្រុកបាកាន កងរាជអាវុធហត្ថខេត្ដ និងកម្លាំងយោធាខេត្ត បានចុះបង្រ្កាបបទល្មើសជលផល នៅចំណុច បឹងតាំងព្រ័ត ក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្ដពោធិ៍សាត់ ដោយបំផ្លាញស្បៃជិត ២០០០ម៉ែត្រ និងបង្គោលជាច្រើន ជិត ១០ ០០០ដើម។

លោកនាយផ្នែកជលផលរាំងទិល បានឲ្យដឹងថា ដោយអនុវត្តតាមមតិចង្អុលការរបស់ លោក ភុំ និមល នាយខ័ណ្ទរដ្ឋបាលជលផលខេត្តពោធិ៍សាត់ លោកបានដឹកនាំកម្លាំងជំនាញ បានសហការជាមួយកម្លាំងមានសមត្ថកិច្ច បានចុះបង្រ្កាបករណីនេសាទត្រី ដាក់បរខុសច្បាប់ ០១ករណី នៅចំណុច បឹងតាំងព្រ័ត ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្ដពោធិ៍សាត់។

លោកបានបន្តថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងចម្រុះចំនួន ០៩នាក់ ប្រើប្រាស់កាណូត ០២គ្រឿង បានធ្វើការល្បាត នៅចំណុចខាងលើ ប្រទះឃើញបរត្រីក្រឡាល្អិតដែលជនខិលខូចលួចដាក់យកកូនត្រី ហើយកម្លាំងក៍បានធ្វើការរុះរើក្បាលបរបាន ចំនួន ០៥គ្រឿង របាំងសាច់អួនប្រវែង ១ ៦០០ម៉ែត្រ បង្កោលចំនួន ៩ ៥០០ដើម ព្រមទាំងត្រីល្អិត ចំនួន ៣៥គីឡូក្រាម។ 

ចំពោះវត្ថុតាងឧបករណ៍នេសាទខុសច្បាប់ខាងលើ សមត្ថកិច្ចបានបំផ្លាញចោលនៅហ្នឹងកន្លែង ចំពោះកូនត្រី បានចាក់ព្រលែងចូលក្នុងទឹកទន្លេរវិញ ៕ លាន គ្រន