2023-10-03 06:10
203

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៣ខែតុលាឆ្នាំ២០២៣លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានដឹកនាំកម្លាំងស្វែងរកសាកសពឃើញហើយដោយអណ្តែតទឹកនៅចំណុចភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាវេលាម៉ោង៧និង១០នាទី និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
   គួរបញ្ជាក់ថា យុវតីម្នាក់ខឹងជីដូននិងម្ដាយមីងដែលនៅជាមួយស្ដីបន្ទោសបន្តិចបន្តួចក៏គិតខ្លីបានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ១៩និង២៥នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលើស្ពានថ្មកំពង់ធំ ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ
យោងតាមប្រភពពីសមត្ថកិច្ចនៅពេលកើតហេតុបានឱ្យដឹងថា យុវតីដែលលោតទឹកសម្លាប់ខ្លួននោះមាន ឈ្មោះ ម៉ៅ សុភាព អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩  ជាក្មេងកំព្រាឪពុក មានម្ដាយឈ្មោះហាប់ សុផាន អាយុ៥៦ឆ្នាំ រស់នៅភូមិក្តី សង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សពត្រូវប្រឡងឌីប្លូមនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។
   ប្រភពដដែលឱ្យដឹងទៀតថា សព្វថ្ងៃយុវតីរងគ្រោះស្នាក់នៅជាមួយអ្នកជិតខាងឈ្មោះ ប៊ូ សុធារ៉ា  ភេទស្រី អាយុ៥៦ឆ្នាំ មានមុខរបរជាមេផ្ទះ រស់នៅភូមិសង្កាត់ ជាមួយម្តាយជនរងគ្រោះខាងលើ។ តាមការបញ្ជាក់របស់សមត្ថកិច្ចឱ្យដឹងថាមូលហេតុបឋមគឺដោយសារយុវតីរងគ្រោះ ខឹងជីដូននិងម្ដាយមីងដែលនៅជាមួយស្ដី បន្ទោសរឿងដើរលេង មើលទូរស័ព្ទ មិនធ្វើការងារផ្ទះ និងព្រឹកឡើងត្រូវប្រឡងផងនោះ។
   បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕