2024-03-10 06:03
61


ភ្នំពេញ៖ ក្លឹបកម្សាន្ត យីហោរ «City of Starry Sky» អតីតក្លឹប «BOEING» នៅសង្កាត់ចតុមុខ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ឆ្មក់ចូលបង្ក្រាបលើកទី២ ដោយឃាត់ខ្លួនជនបរទេស និងខ្មែរ សរុបចំនួន ៨៧នាក់ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។
  តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នេះថា កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយ រក្សាទុក ផ្តល់មធ្យោបាយ និងប្រើប្រាស់នូវសារធាតុដោយគ្រឿងញៀន    មានទីតាំងស្ថិតក្នុងក្លឹបកម្សាន្ត យីហោ «City of Starry Sky» ជាអតីតក្លិបកម្សាន្តមានឈ្មោះ «BOEING» នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 
   ប្រតិបត្តិការនេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំផ្ទាល់ចុះប្រតិបត្តិការបង្ក្រាបនេះបញ្ជាក់ថា “ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ២និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបក្លិបកម្សាន្ត «City of Starry Sky» ជាអតីតក្លឹបកម្សាន្ត BOEING ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ធ្លាប់បានបង្ក្រាបម្តងរួចហើយ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែពេលនេះក្លឹបកម្សាន្តនេះបានប្តូរឈ្មោះថ្មី និងលួចបង្កប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនដដែល”។
   ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបន្តថា «ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ៨៧នាក់ ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី។ ចំណែកឯវត្ថុតាងដែលរឹបអូស បានកម្លាំងជំនាញកំពុងរៀបចំវេចខ្ចប់ បើតាមការប៉ាន់ស្មានបឋមប្រមាណ ០៣គីឡូក្រាម។ បច្ចុប្បន្នសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់»។
   គួររំលឹកថា កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ «BOEING» នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យជាជនបរទេស សរុបចំនួន ៩១នាក់ និងថ្នាំញៀនប្រមាណ ០៥គីឡូក្រាម។ ពេលនេះមិនទាន់បានប៉ុន្មានខែផង ស្រាប់តែទីតាំងកម្សាន្តនេះប្តូរឈ្មោះ និងលួចបង្កប់ ការចែកចាយប្រើប្រាស់គ្រឿងញៀនដដែល៕