2023-03-26 04:03
458

ភ្នំពេញ៖ ពិតជាគួរឲ្យអាណិតខ្លាំងណាស់មនុស្សមួយគ្រួសារមានគ្នា ចំនួន០៤នាក់ បានរងរបូសធ្ងន់កំពុងសង្គ្រោះក្នុងមន្ទីរពេទ្យដោយសារជនជាតិចិនបើករថយន្តបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត និងព្យាយាមបើករត់គេចខ្លួន ប៉ុន្តែត្រូវប្រជាពលរដ្ឋ ប្រដេញតាមឃាត់ជាប់រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាល។ 

ករណីគ្រោះចរាចរណ៍បង្កដោយជនជាតិចិននេះ បានកើតឡើងយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចមុខអគារក្រុមហ៊ុន ប៊ូយ៉ុង ថោន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបណ្តាលឲ្យក្មេងតូចៗ០២នាក់ និងម្ដាយឪពុក០២នាក់ទៀតរងរបួសធ្ងន់។ 

នគរបាលបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IB-3418 ដោយប្រពន្ធ និងកូនតូចៗ០២នាក់ទៀត ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតដល់ចំណុចកើតហេតុស្រាប់មានរថយន្ត ម៉ាក Toyota  TUNDRA មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH-9676 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿនបានបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែតបណ្តាលឲ្យរងរបួសធ្ងន់ទាំង០៤នាក់ និងរថយន្តព្យាយាមបើករត់រហូតដល់ចំណុចមុខណាហ្គាវើល២  ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់រួចប្រគល់ជូនសមត្ថកិច្ច។

បចុប្បន្នអ្នកបើកបររថយន្តបង្កទៅឱ្យសមត្ថកិច្ចជំនាញចរាចរណ៍នាំខ្លួនទៅសាកសួរ និងធ្វើការវាស់វែងយករថយន្តព្រមម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕