2023-07-26 06:07
210


(កណ្ដាល)៖     ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជំរុញដល់កងកម្លាំងនគរបាលការពារព្រំដែន៦០៥ និងកងការពារព្រំដែន៦០១ ទប់ស្កាត់ការជួញដូរ ការរត់គេចពន្ធគ្រប់ប្រភេទ ព្រមទាំងការឆ្លងចេញ-ចូលព្រំដែន ខុសច្បាប់ និងការពារបូរណភាពទឹកដីឲ្យបានល្អបំផុត។


   ឯកឧត្តម អភិបាលខេត្តកណ្ដាល បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលការពារ ព្រំដែន៦០៥ និងកងការពារព្រំដែន៦០១ នៅទីបញ្ជាការដ្ឋាន វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
   ឯកឧត្តម អភិបាលខេត្តបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឈរជើងនៅតាមព្រំដែននូវកិច្ចការមួយចំនួនដូចខាងក្រោម៖
*បន្តរក្សា និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែន សំដៅធានាការគ្រប់គ្រង ការទប់ស្កាត់ការជួញដូរ ការរត់គេចពន្ធគ្រប់ប្រភេទ ព្រមទាំងការឆ្លងចេញ-ចូលព្រំដែនខុសច្បាប់។
*បន្តធ្វើការហាមឃាត់ចំពោះការសាងសង់សំណង់នានា នៅតំបន់ព្រំដែនដែលពុំទាន់មានការបោះបង្គោលខ័ណ្ឌសីមារួចរាល់ ត្រូវមានវិធានការទប់ស្កាត់ និងរាយការណ៍ជាបន្ទាន់ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង ដើម្បីមានវិធានការទាន់ពេលវេលា។
*បន្តយកចិត្តទុកដាក់អនុវត្តន៍នូវបទបញ្ជា ការណែនាំ និងតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ពាក់ព័ន្ធការងារនៅតាមព្រំដែន។

   ទន្ទឹមនឹងនេះដែរលោកអភិបាលខេត្ត បានស្នើដល់កងកម្លាំងប្រដាប់អាវុធ ពិសេសកងកម្លាំងការពារនៅតាមខ្សែបន្ទាត់ព្រំដែន រួមជាមួយអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ជាប់ព្រំប្រទល់ប្រទសវៀតណាម បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ បទប្បញ្ញត្តិ សេចក្ដីណែនាំរបស់ថ្នាក់ជាតិ ជាពិសេសគឺបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
   លោកបន្តអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីហាមប្រជាពលរដ្ឋមិនឲ្យលក់ ឬជួលដីស្រែចំការ ឬដីលំនៅដ្ឋាន នៅតាមតំបន់ព្រំដែនឲ្យប្រជាពលរដ្ឋប្រទេសជិតខាង និងត្រូវធ្វើជំរឿនឱ្យច្បាស់លាស់ អ្នកដែលមាន ក្បាលដីជាប់ខ្សែព្រំដែន និងបន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងផែនការកិច្ចសហប្រតិបត្តិការ បង្ការប្រឆាំងរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
   ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំយកនូវគ្រឿងឧបភោគដល់កងកម្លាំងនគរបាលការពារ ព្រំដែន៦០៥ នូវ អង្ករ ៥តោន, ត្រីខ ៥០យួរ, មី ៣០កេសតូច, ទឹកត្រី ២០យួរ, ត្រីងៀត ៥គីឡូ និងថវិកាមួយចំនួន ព្រមទាំងកងការពារព្រំដែន៦០១ នូវអង្ករ ៣តោន, ត្រីខ ៣០យួរ, មី ២០កេសតូច, ទឹកត្រី ១៥យួរ, ត្រីងៀត ៥គីឡូ និងថវិកាមួយចំនួនផងដែរ៕