2023-10-24 06:10
368

ប៉ៃលិន ៖លោកជំទាវអភិបាលខេត្តប៉ៃលិន ត្រូវបានប្រជាពលរដ្ឋគ្រាំទ្រ និងបានផ្តួចផ្តើមបង្កើតនៅ «ផ្ទះបរិច្ចាគ» ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត មានទីតាំងនៅមុខជិតៗសាលាខេត្ត ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រកាសថា សប្បុរសជនអាច យកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ យកមកដាក់ចូលរួម ក្នុងផ្ទះបរិច្ចាគនេះបាន ដែលជាការរួមចំណែកមួយក្នុងការជួយដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតគឺអាចជួយពួកគាត់បានមួយកំរិត។

នៅថ្ងៃទី២៤ខែតុលានេះ លោកជំទាវអភិបាលខេត្ត បានប្រាប់ថា បងប្អូនដែលមានជីវភាពខ្វះខាត អាចមកយកសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ ក្នុងផ្ទះបរិច្ចាគនេះបាន ដោយក្នុង១គ្រួសារ ទទួលបាន១កញ្ចប់ ដែលខាងរដ្ឋបាលខេត្តបានរៀបចំជារៀងរាល់ថ្ងៃក្នុង១ថ្ងៃចាប់ពី៣០ទៅ៥០កញ្ចប់ដែលមានទីតាំងនៅមុខសាលាខេត្តប៉ៃលិន។

ជាមួយនិងការផ្តួចផ្តើមផ្ទះបរិច្ចាគនេះដែលរដ្ឋបាលខេត្តនិងបន្តសាងសង់ទៅគ្រប់ឃុំសង្កាត់ ហើយបច្ចុប្បន្នមានតែមួយកន្លែងនេះទេ ជាការបើកសាកល្បងដើម្បីជួយដល់ជនក្រីក្រខ្វះខាតនិងបំផុសស្មារតីអោយពលរដ្ឋខ្មែរយើងចេះស្រលាញ់សាមគ្គីនិងចែករំលែកគ្នាទៅវិញទៅមក។

ជាមួយនិងការមកទទួលកញ្ចប់សម្ភារ:នេះដែរពលរដ្ឋដែលជួបការលំបាកបានរីករាយយ៉ាងខ្លាំងដោយជួយអោយពួកគាត់បានរួចមួយគ្រាផងដែរនិងអរគុណយ៉ាងខ្លាំងចំពោះរដ្ឋបាលខេត្តដែលបានបង្កើតផ្ទះបរិច្ចាគនេះឡើង៕ដោយ,ស សារឿន