2023-04-21 02:04
321

ភ្នំពេញ៖ ក្រុមចចករាត្រីម្នាក់ ក្នុងចំណោមបក្ខពួក ចំនួន០៥នាក់ដើររកស៊ីលួច និងគាស់ផ្ទះប្រជាពលរដ្ឋ នៅម្តុំប្លុកអូបែកក្អម ត្រូវបានប្រជាពលរដ្ឋព័ន្ធចាប់បានប្រគល់ជួននគរបាល ខណៈពេលធ្វើសកម្មភាពគាស់អតីតឃ្លាំងលក់រថយន្តមួយកន្លែង។

ករណីប្រជាពលរដ្ឋចាប់ខ្លួនបក្ខពួកចោរគាស់ផ្ទះនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចឃ្លាំងទុកចោលមួយកន្លែង ក្បែរស្តុបណូគា តាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវបានម្ចាស់បិទទ្វារទុកចោល និងបានដាក់លក់ឃ្លាំងជាយូរខែកន្លងមកហើយ។ 

សាក្សីនិយាយថា នៅវេលាយប់ស្ងប់ស្ងាត់ខ្លាំងមានជនសង្ស័យមួយក្រុមមានគ្នា ចំនួន៥នាក់ បានដើរថ្មើរជើងមកធ្វើសកម្មភាពលួចគាស់សោទ្វារអតីតឃ្លាំងរថយន្តខាងលើលួចរបស់របរដែលនៅខាងក្នុងឃ្លាំង និងបានប្រមូលចេញមកខាងក្រៅ ប៉ុន្តែត្រូវប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានប្រទះឃើញក៏បានស្រែកឆោឡោធ្វើឲ្យក្រុមជនសង្ស័យភ័យស្លន់ស្លោនាំគ្នារត់ចែកជើងគ្នាប្រសាចពេញដងផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះចេញមកជួយចាប់បានជនសង្ស័យម្នាក់ និងបក្ខពួក៤នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។ 

បច្ចុប្បន្ន ជនសង្ស័យដែលពលរដ្ឋព័ន្ធចាប់ខ្លួនបាននោះ ប្រគល់ជួនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចាត់ការបន្តតាមច្បាប់៕