2024-02-05 02:02
165

(ស្វាយរៀង)៖ ក្រុមគ្រួសារជនរងគ្រោះ៣នាក់ដែលស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយជនជាតិចិន បើករថយន្ដបុកនៅខេត្តស្វាយរៀង ទទួលបានសំណងពីភាគីបង្ក ចំនួន៥ម៉ឺនដុល្លារ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងយល់ព្រមដកពាក្យបណ្ដឹងផងដែរ ។ប៉ុន្តែទោះបីជនរងគ្រោះបានព្រមព្រៀងជាមួយភាគីបង្ក ក្នុងការទទួលយកសំណង ហើយដកពាក្យបណ្ដឹងក៏ពិតមែន តែនីតិវិធីតាមផ្លូវតុលាការ នៅតែដំណើរការតាមផ្លូវច្បាប់ដដែលមិនត្រូវបានបញ្ចប់នោះទេ។
សូមជម្រាបថា កម្លាំងសមត្ថកិច្ចក្រុងបាវិតបានឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ដែលបើកបររថយន្ត Lexus 570 ទៅបុកឪពុកនិងកូនស្លាប់ភ្លាមៗចំនួន៣នាក់ កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវក្រាលកៅស៊ូ (ផ្លូវតាព្រឹម) ស្ថិតនៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5833 បើកបរដោយឈ្មោះ វ៉េន សៅឡុង អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរអាជីវករលក់ដូរក្នុងតំបន់កាស៊ីណូសៀងហៃ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង និងអ្នករួមដំណើរឈ្មោះជី លីនជែន  អាយុ៣៤ឆ្នាំ ជនជាតិចិន មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។លុះពេលមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកខាងស្តាំបុកចំម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-8457 ពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ឪពុកកូនស្លាប់យ៉ាងអាណោចអាធម៌              តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ទាំង៣នាក់រួមមានទី១.ឈ្មោះ សួស តាក់ច័ន្ទធីតា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀងនិងអ្នករួមដំណើរឈ្មោះ ខ្លា រ៉ាដែន អាយុ៧ឆ្នាំ និងឈ្មោះ ខ្លា ចិត្រ្តា អាយុ២ឆ្នាំ ត្រូវជាកូនអ្នកបើកបរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីវាស់វែងនិងស្រាវជ្រាវឃាត់ខ្លួនអ្នកបើកបររថយន្តយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។ រីឯសាកសពសមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕