2023-07-08 02:07
211

ខេត្តស្វាយរៀង ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង០៥នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣  លើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូចន្លោះគីឡូម៉ែត្រលេខ៤៨និង៤៩ នៅត្រង់ចំណុចភូមិសេរីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

យ៉ាងហោចណាស់ ស្ត្រីចំណាស់ម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ រវាងម៉ូតូបុករថយន្តពីក្រោយពេញទំហឹង ផ្អើលអ្នកភូមិទាំងថ្ងៃរសៀល។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាស្ត្រីដែលស្លាប់មានឈ្មោះ ចាន់ សាបាន អាយុ ៦៦ឆ្នាំ មុខរបរ កសិករ  រស់នៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ស្វាយរៀង ១L-៩៨៤២ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយកើតហេតុបានបើករថយន្តគេចខ្លួនភ្លាមៗផងដែរ។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានស្ត្រីចំណាស់ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ស្វាយរៀង ១L-៩៨៤២ ធ្វើដំណើរពីត្បូងមកជើង ក៏បុករថយន្តពុំស្គាល់ម៉ាក និងអត្តសញ្ញាណដែលចតលើផ្លូវ ស្របទិសគ្នាយ៉ាងពេញទំហឹងបង្កការ ផ្អើលអ្នកភូមិទាំងថ្ងៃរសៀល។

សពស្រ្តីជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕