2023-12-19 11:12
100

ឯកឧត្តម លោកជំទាវជាប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តចំនួន៥ ខេត្តរួមមាន៖ខេត្តកំពង់ចាម,ខេត្តត្បូងឃ្មុំ, ខេត្តក្រចេះ,ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។វគ្គបណ្តុះបណ្តាលនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តរតនគិរីក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត។

ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី បានមានប្រសាសន៍ថា៖ក្រោមកិច្ចខិតខំប្រឹងប្រែង និងភាពបុរេសកម្មរបស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបន្តថាសម្រាប់ខេត្តរតនគិរី ក្រោមកិច្ចសហការយ៉ាងល្អ រវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក្នុងការបំពេញភារកិច្ចស្របតាមមុខងារភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងមានការចូលរួមយ៉ាងសកម្មរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ គ្រប់ផ្នែក ធ្វើឲ្យខេត្តរតនគិរីមានកាលានុវត្តភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា « មានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមសមភាពយេនឌ័រ បរិយាបន្នល្អ ធានាបានចីរភាពធនធានធម្មជាតិ អភិវឌ្ឍន៍និងអភិរក្សប្រពៃណីជនជាតិដើមភាគតិចដែលល្អៗ វប្បធម៌ថ្លៃថ្នូរ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋមានសុខភាព សុខមាលភាព និងជីវភាពរស់នៅបានល្អប្រសើរ»។

ថ្លែងបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ឯកឧត្តម ខ្លូត ផន អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ មានអត្ថន័យសំខាន់ដល់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត៖ ទី១ធ្លាប់ទទួលបានការបណ្តុះបណ្តាល និងការសិក្សារៀនសូត្ររួចមកហើយ អំពីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតគតិយុត្តពាក់ព័ន្ធ។ ទី២ ឯកឧត្តម លោកជំទាវមួយចំនួន បានបំពេញតួនាទីជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ចាប់តាំងពីអាណត្តិទី១ មកដល់ អាណត្តិទី៣ នេះ ហើយអាចនឹងបន្តនៅចូលដល់អាណត្តិទី៤ ដែលតាម ការសម្រេចរបស់រាជរដ្ឋាភិបាល ការបោះឆ្នោតអាណត្តិទី៤ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តមក៏បានស្នើដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមយកចិត្តទុកដាក់ ស្តាប់នូវខ្លឹមសារមេរៀន ដែលក្រុមគ្រូឧទ្ទេសនឹងសម្របសម្រួលធ្វើបទឧទ្ទេសនាម និងលើកជាសំណួរ និងចែក រំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា ដើម្បីឆ្លុះបញ្ចាំងពីការដាក់ចេញគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន ជាមួយនឹងការអនុវត្តជាក់ស្តែងនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលរាជធានីខេត្តនីមួយៗក្នុងគោលបំណងឱ្យមានការយល់ដឹងជារួម និងដូចគ្នាចំពោះកិច្ចការដែលកំពុងអនុវត្ត៕