2023-07-31 02:07
132

ពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបរបុកពីក្រោយកិនអ្នកបើកបរម៉ូតូបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

 ករណីនេះកើតឡើង នៅលើផ្លូវក្រាលកៅស៊ូមាត់ស្ទឹង ផ្លូវលេខ១៥៤ ស្ថិតនៅភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ 

 លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការដ្ឋាននគរបាលស្រុកកណ្តៀង បានបញ្ជាក់ឲ្យដឹងថា មានម៉ូតូ ០១គ្រឿង ម៉ាក ហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A7-686 បើកបរដោយឈ្មោះ ទឹម សុខរ៉ាន់ ហៅ វិត ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិស្ថានីយ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅស្របគ្នាបានបុកម៉ូតូពីក្រោយ និងកិនអ្នកបើកបរម៉ូតូបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

 លោកអធិការបានបន្តថា សាកសពជនរងគ្រោះ ត្រូវបានសាច់ញ្ញាតិក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកមកអនុវត្តតាមផ្លូវច្បាប់៕