2023-06-26 10:06
299


ភ្នំពេញ៖    នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ  អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ាក ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម (លួចម៉ូតូ ០១គ្រឿង) កាលពីព្រឹកមិញនេះ នៅចំណុចផ្លូវបេតុង ក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 
មន្រ្តីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹម ឆេងហៃ ភេទប្រុស អាយុ៥៥ឆាំ្ន មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ ជនសង្ស័យមានឈ្មោះ  សែត សត្យា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំរើនផល សងា្កត់បឹងទំពុន២ ខណ្ឌមានជ័យ ភ្នំពេញ  (ប្រេីប្រាស់សារធាតុញៀន) ត្រូវបានឃាត់ខ្លួន ។


សម្ភារៈដកហូតបានមាន៖១-ម៉ូតូម៉ាកHongda Beat  ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ ១Jk-២១៩១  ចំនួន ០១គ្រឿង (របស់ជនរងគ្រោះ ប្រគល់ទៅអោយជនរងគ្រោះវិញ) ។
២-ទូរស័ព្ទដៃម៉ាក Realme ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង ( របស់ជនសង្ស័យ ) ។
ប្រភពដដែលបានបន្តថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៣ទៀបភ្លឺ ជនរងគ្រោះបានចាក់សោរបងផ្ទះទុកម៉ូតូ ០៣គ្រឿង ក្នុងបរិវេណផ្ទះខាងលើ បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូចេញទៅទិញត្រី នៅម្ដុំគល់ស្ពានព្រែកព្នៅ ដើម្បីយកទៅលក់ លុះដល់ម៉ោង ៥និង០០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ក៏ឃើញទ្វារបងត្រូវបានគាស់ផ្ដាច់សោចេញ និងបើកចំហរ និងបាត់ម៉ូតូ ០១គ្រឿង ម៉ាក Hongda Beat ពណ៌ខៀវ ផ្លាកលេខភ្នំពេញ ១JK-២១៩១ ម៉ូតូដែលជនរងគ្រោះទុកក្នុងបរិវេណផ្ទះនោះ ជនរងគ្រោះពុំបានដកយកសោទុកទេ ។ 
ភ្លាមនោះជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ និងបានឱ្យកូនប្រសារជិះតាមរកម៉ូតូ លុះដល់ម៉ោង ៥និង៣៥នាទី កូនប្រសារជនរងគ្រោះបានឃាត់ជនសង្ស័យរួមទាំងម៉ូតូបាន០១នាក់ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ លឺដូច្នោះជនរងគ្រោះបានមករាយការណ៍ជូនសមត្ថកិច្ចជំនាញ ហើយកម្លាំងសមត្ថកិច្ចបានទៅយកជនសង្ស័យពីប៉ុស្តិ៍ទឹកល្អក់៣ មកកាន់ប៉ុស្តិ៍ស្វាយប៉ាកវិញតែម្ដង ។  ចំពោះជនសង្ស័យ ត្រូវបានកម្លាំងខណ្ឌនិងប៉ុស្តិ៍ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕