2023-10-19 11:10
205

(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះផ្តល់ប្រាក់កម្ចី ដែលជាថវិការបស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារក្រីក្រ គ្រួសារជនពិការ និងស្ត្រីមេម៉ាយចំនួន៥០គ្រួសារ នៅស្រុកអន្លង់វែង។

នៅក្នុងឱកាសនោះលោក ឃិន ញ៉ាណ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ ស្ត្រីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ។

លោក ឃិន ញ៉ាណ បានថ្លែងទៀតថា ជាក់ស្តែងថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានចុះផ្តល់ប្រាក់កម្ចីដែលជាថវិការបស់កាកបាទក្រហមកម្ពុជា ជាប្រាក់កម្ចីខ្នាតតូចជូនដល់គ្រួសារពិការ ស្ត្រីមេម៉ាយ គ្រួសារក្រីក្រ ចំនួន៥០ករណី នៅស្រុកអន្លង់វែង ក្នុងនោះមកពីឃុំអន្លង់វែងចំនួន២៦ករណី និងមកពីឃុំត្រពាំងតាវចំនួន២៤ករណី ដែលក្នុង១ករណីអាចកម្ចីបានថវិកាចំនួន១លានរៀល ដោយមិនមានការប្រាក់។

លោក ឃិន ញ៉ាណ បានបញ្ជាក់ទៀតថា ប្រាក់កម្ចីដែលផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ សម្រាប់យកទៅប្រកបមុខរបរផ្សេងៗនៅពេលនេះ មិនមែនជាអំណោយនោះទេ ហើយបងប្អូនអាចកម្ចីរហូតដល់រយៈពេល១ឆ្នាំ ដោយមិនមានការប្រាក់ និងត្រូវសងត្រឡប់មកវិញរយៈពេល៦ខែម្តង ដោយទឹកប្រាក់ចំនួន១លានរៀល ត្រូវសងមកវិញចំនួន២លើក លើកទី១រយៈពេល៦ខែ សង៥០ម៉ឺនរៀល និងលើកទី២រយៈពេល៦ខែទៀត ត្រូវសង៥០ម៉ឺនរៀលទៀត ដើម្បីកាកបាទក្រហមកម្ពុជាយកទៅបង្វិលជូនបងប្អូនក្រីក្រកម្ចីបន្តទៀត។
លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋយើង ក្រោយពីទទួលបានថវិកាកម្ចីនេះហើយ ត្រូវខិតខំពង្រីកមុខរបរ ដូចជាកសិកម្ម ចិញ្ចឹមសត្វ...ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ៕