2024-01-22 11:01
73

(កំពត)៖ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពតសហការជាមួយសមត្ថកិច្ចខេត្តតាកែវ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនមេក្លោងចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនមួយចំនួនផងដែរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣០នាទី ក្រោយពីទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់រាយការណ៍ថាមានជនសង្ស័យយកថ្នាំញៀនមកលក់នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមានការឯកភាពពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដោយបានដាក់កម្លាំងសមត្ថកិច្ចឃ្លាំមើលក៏ប្រទះឃើញជនសង្ស័យកំពុងយកថ្នាំញៀនមកលក់នៅទីតាំងខាងលើនេះ។ភ្លាមៗនោះសមត្ថកិច្ចក៏បានបេីកកិច្ចប្រតិបត្តិការបង្ក្រាបដោយប្រើ (វិធានការញុះញុង)ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ សែម សារឿន ហៅ ចាប ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ និងបានដកហូតវត្ថុតាង ថ្នាំញៀនចំនួន ០១កញ្ចប់, ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿងផងដែរ ។

បន្ទាប់ពីសាកសួរចម្លើយជនសង្ស័យឈ្មោះ សែម សារឿន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១ និង៣០នាទី កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនបក្សពួកជនសង្ស័យម្នាក់ទៀតឈ្មោះអ៊ុយ សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត និងបានចាប់យកវត្ថុតាង ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០២គ្រឿង។លុះដល់វេលាម៉ោង៥ និង៣០នាទី ថ្ងៃដដែលនោះ សមត្ថកិច្ចក៏បានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ដុង ឆានុន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិបឹងនិមល ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត និងបានចាប់យកវត្ថុតាង៖ ថ្នាំញៀនចំនួន ០៣កញ្ចប់,            ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង។       

 បន្ទាប់មកសមត្ថកិច្ចក៏បានបន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះង៉ែត រស្មី ភេទប្រុស អាយុ ៣៥ឆ្នាំ ស្ថិតនៅភូមិសុីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តកំពត និងបានដកហូតវត្ថុតាង ថ្នាំញៀនចំនួន ០៩កញ្ចប់ ទូរស័ព្ទដៃ ០២គ្រឿង, ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង និងថង់ប្លាស្ទិចមួយចំនួន ។លុះដល់ល្ងាចថ្ងៃដដែលនោះកម្លាំងសមត្ថកិច្ចក៏បានបន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ ឃឹម តុលា ភេទប្រុស អាយុ ៣២ឆ្នាំ ខណៈទូរស័ព្ទមករកទិញថ្នាំញៀន នៅភូមិសុីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តកំពត រួមនិងវត្ថុតាង ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿងផងដែរ។

រហូតមកដល់ពេលនេះជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជួនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពតដើម្បីរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។