2024-01-29 09:01
57

(ភ្នំពេញ)៖ក្នុងឱកាស លោក នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មានវគ្គទី៥ ចំនួនជាង២០០នាក់ រៀបចំឡើងដោយ សមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយ ក្រសួងព័ត៌មាន និងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការលើកទឹកចិត្តដល់សមាគមសារព័ត៌មាន ឲ្យរៀបចំជាវគ្គបណ្តុះបណ្តាលសមត្ថភាពរបស់អ្នកសារព័ត៌មាន ដើម្បីត្រៀមខ្លួនសម្រាប់ការវិវឌ្ឍ នៃប្រពន្ធ័ផ្សព្វផ្សាយនាពេលបច្ចុប្បន្ន ហើយនៅពេលខាងមុខ គុណភាពព័ត៌មាន គឺជាចំណុចសំខាន់ក្នុងការប្រកួតប្រជែង ដូច្នេះអ្នកសារព័ត៌មានទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការទទួលបាន វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ហើយក្រសួងព័ត៌មាន គាំទ្រចំពោះការបណ្តុះបណ្តាល ទន្ទឹមជាមួយក្រសួងែលបានបើកវគ្គបណ្តុះបណ្តាល បំពេញបន្ថែម ។

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃក្រសួងព័ត៌មាន បាននឹងកំពុងធ្វើកិច្ចការងារលើសន្តិសុខព័ត៌មាន ដែលសំដៅធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គ្រប់ជ្រុងជ្រោយពីរឿងរ៉ាវកើតមានឡើង។ ជាមួយនេះ គុណភាពព័ត៌មានដែលប្រជាពលរដ្ឋបានទទួល គឺជាព័ត៌មានដែលមានគុណភាព កើតចេញពីការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មានផ្សេងៗ។

ចំពោះសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន នៅក្នុងបរិបទឌីជីថល នេះ ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយបាននៅលាយឡំគ្នា ដូច្នេះការផ្តល់ព័ត៌មានពិតត្រឹមត្រូវ ដែលមានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ គឺជាចំណុចសំខាន់ ដែលក្រសួងព័ត៌មាន បានគិតគួរ ហើយបានសហការជាមួយសមាគមសារព័ត៌មាន ដើម្បីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន បានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងថា «សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ។ ដើម្បីឲ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវអនុវត្តន៍នូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង»។

ឯកឧត្តមបានធ្វើការពន្យល់ដែរថា អ្នកសារព័ត៌មាន មិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ មិនអាចទៅចាប់គេបាននោះទេ ហើយអ្នកសារព័ត៌មាន មិនមែនជាតុលាការ ដែលត្រូវកាត់ក្តីគេអោយខុស ឬត្រូវនោះទេ, អ្នកសារព័ត៌មាន មិនមែនមាន អធិបញ្ជា អាចបញ្ជាអ្នកនេះ អ្នកនោះបានទេ។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ បើសិនជាអ្នកសារព័ត៌មាន គ្មានប្រភពទេ គឺពិបាកសរសេរណាស់ មិនអាចសរសេរគ្រាន់តែឮគេថាបាននោះទេ។

ក្នុងនោះឯកឧត្តមក៏បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន មកធ្វើការចុះបញ្ជីឲ្យបានត្រឹមត្រូវ ហើយការចេញបណ្ណសារព័ត៌មាន នឹងមានភ្ជាប់ QR Code ដើម្បីប្រតិបត្តិការការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន ។