2024-03-14 01:03
45

ភ្នំពេញ ៖ លោក ហុក ពៅ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុរសជនជាតិចិនម្នាក់ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ និងពិន័យប្រាក់៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ «រក្សាទុក ដឹកជញ្ជូននិងជួញដូរគ្រឿងញៀន » ។

    ជនជាប់ចោទឈ្មោះ ចូវ គ័រឆាវ ភេទប្រុស អាយុ៥០ឆ្នាំ ជាមេការក្លឺប M9 ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
    សាលក្រមដែលអានដោយលោកចៅក្រម ហុក ពៅ និងតំណាងអយ្យការលោក សុខ កែវបណ្ឌិត ក៏បានសម្រេចបណ្ដេញចេញនិងហាមឃាត់មិនអោយជនជាប់ចោទចូលប្រទេសកម្ពុជាទៀតពេលអនុវត្តទណ្ឌកម្មពន្ធនាគារចប់ ។ 

    សូមរំលឹកថា សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ រឹបអូសថ្នាំញៀនជិត ៥គីឡូក្រាម និងសារធាតុគីមីជាង ៤០គីឡូក្រាម រួមទាំងសារធាតុមិនច្បាស់ជាង ៥៣គីឡូក្រាមផ្សេងទៀត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ ។

   របាយការណ៍របស់មន្ទីរប្រឆាំងធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៣៧ ភូមិតិក្ខៈបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យមានឈ្មោះ ចូវ គ័រឆាវ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន។

ដោយឡែក សម្រាប់វត្ថុតាងដែលដកហូតបានរួមមាន៖ មេតំហ្វេតាមីន ទម្ងន់៤គីឡូក្រាម ៦៨៤ក្រាម, សារធាតុគីមីផ្សំទម្ងន់ ៣គីឡូក្រាម, សារធាតុគីមី ៤០គីឡូក្រាម និងសារធាតុមិនច្បាស់ទម្ងន់ ៥៣គីឡូក្រាម ៤២៨ក្រាម។
   ក្រោយឃាត់ខ្លួនតុលាការបានសម្រេចឃុំខ្លួនជនជាប់ចោទរហូតមកដល់ថ្ងៃបើកសវនាការនិងផ្ដន្ទាទោសនាពេលនេះ៕