2023-07-07 07:07
251


កំពង់ស្ពឺ៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមមុខឃ្លាំងមួយកន្លែង ខណៈពេលកំពុងជិះកង់ត្រូវបានជនដៃដល់យករបស់រឹងវាយសន្ធប់ បណ្តាលឱ្យដេកដួល ហើយជនដៃដល់រត់គេចខ្លួនបាត់ស្រមោល។


តាមការឱ្យដឹងពីសមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ សាំង ចំរើន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរសន្តិសុខ រស់នៅក្នុងភូមិគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
នគរបាលស្រុកគងពិសី បាននិយាយឱ្យដឹងថា ប្រជាពលរដ្ឋ បានប្រទះឃើញបុរសម្នាក់ បានដេកស្លាប់នៅក្នុងថ្លុកឈាម នៅចំណុចផ្លូវបេតុងមុខឃ្លាំងរបស់ឈ្មោះ រ៉េត ស៊ីនឿន ភេទប្រុស ស្ថិតនៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១និង១០រំលងអាធ្រាត្រ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។
នគរបាលស្រុកគងពិសី បានឲ្យដឹងទៀតថា កាលពីវេលាម៉ោង ១១និង១០នាទី នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ តាក ឈុន ភេទប្រុស អាយុ ៤៦ឆ្នាំ ជាអ្នកយាមឃ្លាំងខាងលើ រស់នៅភូមិព្រៃស្បូវ ឃុំវាល ស្រុកគងពិសី បានមកនិយាយប្រាប់ឈ្មោះ ទ្រី វីបុន ភេទប្រុស អាយុ៣ ១ឆ្នាំ ថាមានមនុស្សដេកស្លាប់នៅលើផ្លូវបេតុងភូមិ-ឃុំខាងលើ រួចហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីចុះពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុច្បាស់លាស់។
នគរបាលស្រុកគងពិសី បានបញ្ជាក់ទៀតថា តាមការបំភ្លឺពីឈ្មោះ តាក ឈុន ភេទប្រុស អាយុ ៤៦ឆ្នាំ ជាអ្នកយាមឃ្លាំងខាងលើ ប្រាប់ថា នៅមុនពេលកើតហេតុរូបខ្លួនកំពុងជក់ថ្នាំញៀនជាមួយឈ្មោះ យ៉ន ខៃ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពេលជក់ថ្នាំញៀនរួចរាល់ហើយ ក៏មានទំនាស់ពាក្យសំដីជាមួយ ឈ្មោះ ខៃ នោះ។ 
ប្រភពបន្តទៀតថា ក្រោយទាស់ពាក្យសំដីហើយ ឈ្មោះ ខៃ ក៏ដើរចេញទៅបាត់ លុះបានមួយសន្ទះក្រោយមកឃើញឈ្មោះ សាំង ចំរើន ជនរងគ្រោះបានជិះកង់ចូលមកក្នុងឃ្លាំងហើយបានសុំជក់ថ្នាំញៀនជាមួយខ្លួនដែរ។ ក្រោយមកជនរងគ្រោះបានប្រាប់ថា សុំទៅទិញបារី ហើយឈ្មោះ តាក ឈុន បានប្រាប់ថា បើចេញទៅចាក់សោរទ្វារឲ្យផងខ្លាចអា ខៃវាមករករឿងគ្រាន់តែជនរងគ្រោះជិះកង់ចេញទៅភ្លាមៗនោះ ឈ្មោះ តាក ឈុន បានឮសូរសំលេង ស្រែកអូយៗងាកមើលឃើញជនរងគ្រោះឈ្មោះ សាំង ចំរើន ដេកដួលហូរឈាមលើផ្លូវខាងមុខឃ្លាំងបាត់ហើយពេលរត់ចេញទៅមើលឃើញឈ្មោះ  ខៃ ភេទ ប្រុស អាយុ ២៤ឆ្នាំ ដើរចេញពីកន្លែងកើតហេតុទៅទិសខាងត្បូងបាត់ទៅ។
នគរបាលស្រុកគងពិសី បានបន្ថែមទៀតថា ក្រោយចុះពិនិត្យនៅកន្លែងកើតហេតុ ឃើញមានកង់មួយ ពណ៌ខ្មៅ ទូកស្រី ដួលមកខាងលិចទិសដៅទៅខាងត្បូង និងឃើញមានសាកសពបុរសម្នាក់ដេកផ្កាប់មុខក្បាលទៅទិសខាងលិចងាកមុខមកត្បូងដៃស្ដាំបត់ដាក់ក្រោមទ្រូង ពាក់អាវក្រណាត់ដៃវែងពណ៌ខ្មៅ ស្លៀកខោត្រឹមជង្គង់ពណ៌ខ្មៅ ផ្ទៃមុខមានប្រឡាក់ឈាម ម្រាមកូនដៃស្ដាំឃើញមានជាប់កូនសោទ្វារ មានស្នាមជាំប៉ោងខ្មៅភ្នែកឆ្វេង ស្នាមរបួសក្រោមចុងភ្នែកឆ្វេង ស្នាមជាំ កឆ្វេងក្រោមត្រចៀកដល់ថ្ពាល់បាក់ឆ្អឹងស្នាមជាំកោសថ្ពាលស្ដាំដល់ជើងសក់។
តាមការសន្និដ្ឋានរបស់ជំនាញ ដែលចុះទៅធ្វើការស្រាវជ្រាវពិនិត្យកន្លែងកើតហេតុ សពជនរងគ្រោះ ស្លាប់ដោយសារត្រូវនឹងវត្ថុរឹងវាយចំក្រោមចុងភ្នែកឆ្វេង និងកខាងឆ្វេងបណ្តាលឲ្យបាក់ឆ្អឹងកងកនិងផ្គាម ជាករណីឃាតកម្ម។

ក្រោយពេលពិនិត្យចប់សព្វគ្រប់ហើយនគរបាលជំនាញ បានប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ៕