2024-02-07 02:02
73

ឯកឧត្តម  ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដេញថ្លៃ គំរោងមូលនិធិធភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ សំរាប់សង្កាត់ទាំង ៧ របស់ខណ្ឌពោធិ៍សែនជ័យ ។  

     លោក យិន គា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា ស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងយុទ្ធសាស្រ្តបញ្ចកោណ អាណត្តិទី៧ របស់រាជរដ្ឋាភិបាល  ភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ បាននិងកំពុង ទទួលបានការអភិវឌ្ឍន៍ រីកចម្រើនជាបន្តបន្ទាប់ ដែលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ យ៉ាងពិតប្រាកដ ។ ជាក់ស្តែងសំរាប់ឆ្នាំ២០២៤នេះ សង្កាត់ទាំង៧ នៃខណ្ឌពោធិ៍សែនជ័យ បានលើកគំរោងអភិវឌ្ឍន៍មូលដ្ឋាន ជាផ្លូវបេតុង ចំនួន ៧ខ្សែ សរុបប្រវែង ២,៨២៥ម៉ែត្រ និងប្រព័ន្ធលូ ៣ខ្សែ សរុបប្រវែង ៨០៦ម៉ែត្រ គិតជាថវិការសរុប ប៉ាន់ស្មានជាង ២,២៤១លានរៀល ដែលត្រូវដាក់ជូន ក្រុមហ៊ុននានា ដេញថ្លៃក្នុងឱកាសនេះ ដោយតម្លាភាព ។ 

    មានប្រសាសន៍ទៅកាន់ក្រុមហ៊ុន ដែលចូលរួមដេញថ្លៃក្នុងថ្ងៃនេះ ឯកឧត្តម  ស៊ុយ សេរិទ្ធ បានគូសបញ្ជាក់ថា គុណភាព  បទដ្ឋានបច្ចេកទេស  សោភ័ណភាព  តម្លៃសមស្រប ជាកត្តាចាំបាច់សំរាប់ក្រុមហ៊ុនដែលដេញថ្លៃឈ្នះ ។ ដើម្បីឱ្យដំណើរការប្រព្រឹទ្ធទៅជាសាធារណៈ ប្រកបដោយភាពរលូន  តម្លាភាព គណនេយ្យភាព  យុត្តិធ៌ម  អាចជឿទុកចិត្តបាន សូមភាគីពាក់ព័ន្ធទាំងអស់ ប្រកាន់យក , -គោរពឱ្យបានត្រឹមត្រូវ តាមក្រមសីលធ៌ម ក្រុមហ៊ុន និងអ្នកទទួលការ  ។ - ត្រូវស្គាល់ទីតាំង និងទំហ៊ំការងារ  - ពិចារណាឲ្យបានច្បាស់លាស់មុនសំរេចចិត្តដាក់តម្លៃ ។ - ក្រោយដេញថ្លៃ ត្រូវគោរពនីតិវិធីនៃកិច្ចសន្យា និងត្រូវមានសៀវភៅតាមដានការដ្ឋាន ដើម្បីជាវិធាន វាស់ស្ទង់សមត្ថភាពក្រុមហ៊ុន សំរាប់ចូលរួមដេញថ្លៃគំរោងអភិវឌ្ឍន៍នានា នៅកន្លែងផ្សេង ឬនៅឆ្នាំក្រោយទៀត  ៕