2024-01-13 04:01
74

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចែករង្វាន់លើកទឹកចិត្តដល់សិស្ស បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៣ ដែលជាប់និទ្ទេស A ចំនួន៨២នាក់ ដោយម្នាក់ៗទទួលបានកុំព្យូទ័រយួដៃ១គ្រឿង។

ពីធីនេះមានការចូលរួមពីអភិបានរង អភិបាលស្រុក ប្រធានមន្ទីរ កងកម្លាំងទាំង៣ និងអាណាព្យាបាលសិស្ស និងសិស្សដែលជាប់និទ្ទេស A ចំនួនប្រហែល២០០នាក់។
លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានរាយការណ៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបន្ទាយមានជ័យឆ្នាំសិក្សាឆ្នាំ២០២២-២០២៣នេះមានបេក្ខជន បេក្ខនារី ចំនួន ៦.១៦៨នាក់ (នារី៣.៣៧៧នាក់)។

បេក្ខជនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៤.១៤៣នាក់ (ស្រី២.៥០៥នាក់) បេក្ខជនជាប់និទ្ទេស A មានចំនួន៨២នាក់ (ស្រី៤៣នាក់) និទ្ទេស B ចំនួន ៣៣១នាក់ (ស្រី២០៧នាក់) និទ្ទេស C មានចំនួន ៦៤៦នាក់ (ស្រី៤៣៥) និទ្ទេស D មានចំនួន ១.៤១៨នាក់ (ស្រី៨៧១) និងនិទ្ទេស E ចំនួន១.៦៦៦នាក់ (ស្រី៩៤៩នាក់)។លោក អ៊ុំ រាត្រី បានបានថ្លែងថា ឆ្នាំ២០២៣ បេក្ខជនប្រឡងទាំងអស់ គោរពតាមគោលការណ៍ប្រឡងបាក់ឌុបបានល្អ មានវិន័យតឹងរឹងខ្លាំង ដោយការប្រឡងនេះមានស្តង់ដារ មានគុណភាពខ្ពស់ បេក្ខជន បេក្ខនារី គោរពម៉ោង រួមទាំង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡង ពោលគឺគោរពតាមបទបញ្ជាបទបញ្ញត្តិ ដែលក្រសួងបានដាក់ចេញ បានគ្រប់ជ្រុងជ្រោយទាំងអស់ អ្នកចេះ គឺជាប់ បេក្ខជន និងបេក្ខនារី មិនបានធ្វើផ្ទុយនិងបទបញ្ញត្តិនិងកម្រិតវិន័យរបស់ក្រសួងអប់រំឡើយ។

លោក អ៊ុំ រាត្រី សង្ឃឹម និងជឿជាក់យ៉ាងមាំថា សិស្សានុសិស្សគ្រប់ជំនាន់ នឹងរក្សាបាននូវលទ្ធផលដ៏ឆ្នើមនេះបន្ថែមទៀត ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យបន្ថែមទៀត។

លោកបានបញ្ជាក់ឲ្យទៀតថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបន្ទាយមានជ័យ ឆ្នាំសិក្សាឆ្នាំ២០២២-២០២៣នេះ មុននឹងប្រឡងមានអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមដើម្បីរៀបចំដំណើរការមណ្ឌលសំណេរ នៃការប្រឡងឲ្យបានលទ្ធផលល្អ និងមានប្រសិទ្ធភាពផងដែរ។

ចំណែកអាជ្ញាធរ និងសមត្ថកិច្ច បានធ្វើការសម្រួលសណ្តាប់ធ្នាប់ទីស្នាក់នៅ និងណែនាំឲ្យអ្នកលក់អាហារកុំឲ្យឡើងថ្លៃផងដែរ។ បញ្ចប់កម្មវិធីលោក អ៊ុំ រាត្រី បានចែកកុំព្យូទ័រយួរដៃមួយគ្រឿងដល់សិស្សទាំង៨២នាក់ និងថតរូបទុកជាអនុស្សាវរីយ៍ទៀតផង៕