2024-03-03 03:03
58

(បាត់ដំបង)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញក្នុងពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាណន់ នៃខេត្តបាត់ដំបង។
   លោក កើត រិទ្ធ បានផ្តាំផ្ញើ និងណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាណន់ ត្រូវរួមគ្នាបន្តការពារឱ្យបានជាដាច់ខាត នូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី រួមទាំងការចូលរួមទប់ស្កាត់ នូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
   ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ត្រូវជួយតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាព អាជ្ញាធរនៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល សំដៅបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាជន នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
   ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ត្រូវសហការគាំទ្រដល់មូលដ្ឋាន ដើម្បីធ្វើការវាយតម្លៃអំពីសមត្ថភាពស្ថាប័ន ធនធានមនុស្ស សក្តានុពលនៅមូលដ្ឋាន ដែលបម្រើឱ្យការអភិវឌ្ឍនៅមូលដ្ឋាន សម្រាប់ការរៀបចំផែនការសកម្មភាព សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការឆ្លើយតបដោះស្រាយបញ្ហាប្រឈមនានា នៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
   ត្រូវជួយគាំទ្រដល់មូលដ្ឋាន ក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន ដើម្បីបម្រើប្រជាជននៅមូលដ្ឋានឱ្យបានល្អប្រសើរ ទាំងលើការបម្រើសេវាសាធារណៈ ទាំងលើការអភិវឌ្ឍនៅមូលដ្ឋានលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
   ត្រូវខិតខំកៀរគរធនធាន មធ្យោបាយ និងសម្ភារៈពីគ្រប់ប្រភព ក៏ដូចជាការទាក់ទាញការវិនិយោគនានា មកកាន់មូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជួយដល់ការអភិវឌ្ឍមូលដ្ឋាន។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ត្រូវចូលរួមផ្តល់ការគាំទ្រ និងជួយដល់មូលដ្ឋានក្នុងការពង្រឹងថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសការទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេល   វេលា និងឱ្យមានប្រសិទ្ធភាពខ្ពស់នូវបទល្មើសនានា សំដៅធានាបាននូវប្រសិទ្ធភាពខ្ពស់នៃការអនុវត្ត «គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
   ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងបង្កលក្ខណៈឱ្យកាន់តែងាយស្រួល ដល់ការធ្វើសកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម សេវាកម្មទេសចរណ៍ និងការប្រកបមុខរបរខ្នាតតូច របស់ប្រជាពលរដ្ឋ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្រុក សំដៅបង្កើនការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
   ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ចាត់ចែង និងផ្តល់សេវាសាធារណៈនានា នៅតាមអង្គភាពច្រកចេញ-ចូលតែមួយ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាល កាន់តែងាយស្រួល កាន់តែឆាប់រហ័ស និងមានតម្លាភាព៕