2024-01-22 03:01
75

កណ្ដាល: សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃ នាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី។

ក្នុងពិធីបើកបវេសនកាល និងពិធីចែកសញ្ញាបត្រឆ្នាំសិក្សាមូលដ្ឋានប្រគេន-ជូន សមណនិស្សិត និស្សិតនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា បានមានប្រសាសន៍ ថា  សមនិស្សិត និងនិស្សិតប្រហែល១៥៧០នាក់ គុណតម្លៃដ៏ធំធេងនៃថ្នាក់ឧត្តមសិក្សានេះ ពិសេសគឺបានសិក្សាដោយឥតគិតថ្លៃនៅសាកលវិទ្យាសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ត្រូវតាំងចិត្តខិតខំសិក្សារៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជាបញ្ញវន្ត ជាសរសរទ្រូងប្រទេសជាតិដ៍មានសមត្ថភាព។

ឯកឧត្តម សុខ ចិន្តាសោភា បន្តថា រាជរដ្ឋាភិបាលបានខិតខំតស៊ូដឹកនាំប្រទេសជាតិឲ្យរុងរឿង រីកចម្រើនទៅមុខជាលំដាប់ ក្នុងនោះវិស័យអប់រំ ត្រូវបានយកចិត្តទុកដាក់ណាស់ ធ្វើយ៉ាងណា បណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ហើយក្មួយៗផ្ទាល់ ត្រូវខំរៀន ព្រោះសាកលវិទ្យាល័យនេះ មិនបានយកថវិការពីប្អូនៗទេ ហើយថែមទាំងមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗនៅអន្តរជាតិជាច្រើនទៀត ដែលផ្ដល់ឱកាសឲ្យក្មួយៗអាចទៅសិក្សានៅបរទេសបាន ឲ្យតែមានសមត្ថភាព ហើយមកវិញចូលរួមបម្រើជាតិ មាតុភូមិយើងកាន់តែរីកតែរីកចម្រើនឡើង។

សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា បានមានថេរដីការថា ការសិក្សាអប់រំជាកត្តាចម្បងមួយដែលមិនអាចខ្វះបាននៅគ្រប់សម័យកាល សម្រាប់កសាងធនធានមនុស្ស ជាពិសេស បណ្តុះបណ្តាលយុវជនឱ្យក្លាយ ទៅជាចលករដ៏ប្រពៃដែលមានសមត្ថភាព ជំនាញប្រកបដោយប្រសិទ្ធភាពអនុវត្ត ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋភិបាលកម្ពុជា ឱ្យបានចម្រើនជឿនលឿនជាអារ្យប្រទេស។  វិស័យអប់រំជាកាតព្វកិច្ចរបស់គ្រឹះស្ថានអប់រំ និងជាកាលានុវត្តភាពសម្រាប់យុវជនខ្មែរគ្រប់រូប ហើយមិនត្រូវក្លាយជារបាំងផ្លូវនៃការសិក្សាស្រាវជ្រាវដោយសារតែលទ្ធភាពនៃការបង់ថ្លៃនោះឡើយ។ 

សម្ដេចមានថេរដីកាទៀតថា ការបង្កើតសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្តមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅដើម្បីផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូបបានបន្តការសិក្សារៀនសូត្រ ថ្នាក់បរិញ្ញាបត្រដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ការសិក្សា។

ក្នុងបេសកកម្ម នៃការរបណ្តុះបណ្តាលនិស្សិតដោយមិនស្វែងរកប្រាក់ចំណេញនេះ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃ រាជ បួរ គ្រី បានធានានូវគុណភាពនៃការអប់រំ ក្នុងក្របខ័ណ្ឌនៃកិច្ចការដ៏ឧត្ដុង្គឧត្តមនេះ បញ្ញវន្តខ្មែរដែលជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានសច្ចាធានាឱ្យបាននូវគុណវុឌ្ឍវិទ្យាសាស្ត្រនិងគរុសភា ដែលជាកត្តាសារវន្តនៃការអប់រំ ការបណ្តុះបណ្តាល ការសិក្សា និងការស្រាវជ្រាវ ក្នុងថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីឱ្យនិស្សិតដែលបានសិក្សាចប់មានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ពេញលេញ ហើយអាចទទួលបានជោគជ័យក្នុងការងារ។

សូមបញ្ជាក់ថា:  នៅក្នុងជំនាន់ទី២នេះ សាកលវិទ្យាល័យបានជ្រើសរើសនិស្សិតចូលរៀន ឆ្នាំសិក្សាថ្មី២០២៣-២០២៤ ចំនួន ៧៥០ នាក់ ស្រី ៤៦៦ នាក់។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យទើបតែបើកដំណើរការបាន២ ជំនាន់ប៉ុណ្ណោះ មាននិស្សិតកំពុងសិក្សាទាំង២ជំនាន់ចំនួន ១,១៨៣ នាក់ស្រី ៧០៧ នាក់ មានគណៈគ្រប់គ្រង និងបុគ្គលិកចំនួន ៧៥ អង្គ-នាក់ មានសាស្ដ្រចារ្យកំពុងបង្រៀនចំនួន ១០៨ នាក់ មាន ០៦ មហាវិទ្យាល័យ និង ៣២ មុខជំនាញ៕ អង្គស្នួល ប៉ុស្តិ៍