2023-07-28 04:07
303

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនជនសង្ស័ យ២ នាក់ ដែលម្នាក់ជាអ្នកដឹកនាំ និងថតរឿង អប់រំបែប សិចស៊ី អាសអាភាស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាការប្រគល់ជូនទៅស្ថាប័នអយ្យការដើម្បីធ្វការសាកសួរ ជុំវិញការថត និងឡាយ និងផលិតវីដេអូ រឿងអប់រំបែបរោលរាល ចែកចាយ ផ្សព្វផ្សាយតាមបណ្តាញសង្គម ។ ជនសង្ស័យម្នាក់ឈ្មោះ សេក ដារ័ត្ន ហៅ ខេនឌី ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅ បុរីឡាយគង់ ផ្ទះលេខ០៣៥បេ ផ្លូវលេខ០៣ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងម្នាក់ឈ្មោះ ឈួន សុខលីម ហៅ សុខ លីមរក្សា ភេទប្រុស អាយុ៣៦ ឆ្នាំ មានទីលំនៅជាមួយគ្នា ។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញាអមសាលា ដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ឲ្យជនសង្ស័យទាំង២នាក់ចូលបង្ហាញខ្លួននៅ ការិយាល័យប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងរំលោភផ្លូវភេទនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី៩ ខែសីហាបឆ្នាំ២០២៣ នៅរាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ”បំពារបំពានផ្លូវភេទ ផលិតនិងចែកចាយរូបភាពអាសអាភាស” តាមពាក្យបណ្តឹងរបស់ឈ្មោះ ឈួន សេងលាប ភេទស្រី អាយុ២៥ឆ្នាំ ឈ្មោះ ស៊ លីហុង ភេទស្រី អាយុ១៧ ឆ្នាំ ឈ្មោះ ផែន គឹមហៀង ភេទស្រី អាយុ១៧ ឆ្នាំ និងឈ្មោះ ផែន គឹមហៃ ភេទស្រី អាយុ១៤ ឆ្នាំ ។

 សូមជម្រាបថា ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ម្ចាស់ហ្វេសប៊ុកផេក ឡាយ ហ្វាម (Life Film) លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង អប់រំ បែបរោល រាល អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី បានចូលទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ តាមដីការបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ។ ម្ចាស់ហ្វេសប៊ុកផេក ឡាយហ្វាម (Life Film) លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង អប់រំ បែបរោលរាល អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី និងបក្ខពួកបានថតឡាយនិងផលិតវីដេអូ រឿងអប់រំបែបរោលរាល ចែកចាយតាមបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីយកភាពល្បីល្បាញ និងរកប្រាក់ចំណូលពីបណ្តាញសង្គម ។ នារីជាតួសម្តែងមិនបានពេញចិត្តទៅនិងការផលិតវីដេអូ អាសអាភាស ទើបស្នើសុំឱ្យលោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង និងជាម្ចាស់ផេក ឡាយ្វ ហ្វាម Life Film សុំមិនឱ្យចេញឈុតឆាករឿង រោលរាលបែបនេះនៅលើបណ្តាញសង្គម ព្រោះប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងក្រុមគ្រួសារ និងសង្គមជាតិ ។ ផ្ទុយទៅវិញអ្នកដឹកនាំថតរឿង លោក ឈួន សុខលីម មិនព្រមតាមការស្នើសុំរបស់នារីតួសម្តែងនោះ គឺកាន់តែបង្ហោះចែកចាយ និងផ្សព្វផ្សាយលើបណ្តាយសង្គមថែមទៀតផង រហូតឈានទៅដល់ការប្តឹងផ្តល់ ពីសំណាក់នារីតួសម្តែងទាំង៤ នាក់នោះ ។ អង្គហេតុដូចបានរៀបរាប់ខាងលើ ទើបតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យ និងបញ្ជានទៅសាកសួរ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ ៕