2023-09-25 04:09
145

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រោមស្ពានអាកាសចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យម្នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួនក៏ជ្រុលទៅបុកម៉ូតូ២គ្រឿងទៀតបណ្តាលឱ្យបោកក្បាលស្លាប់ខ្លួនឯងភ្លាមៗ។ 

ជនរងគ្រោះឈ្មោះ សាំង នីតា ភេទស្រីអាយុ៣៤ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JE -6152  ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចក្រោមស្ពានអាកាសចោមចៅស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JA-6458 មកពីក្រោយធ្វេីសកម្មភាពឆក់យកកាបូបដែលជនរងគ្រោះដាក់នៅខាងមុខបានសម្រេចហេីយព្យាយាមគេចខ្លួនឆ្ពោះទៅតាមមហាវិថីសហព័ន្ធរុស្ស៊ី លុះពេលទៅដល់ចំណុចភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ជនសង្ស័យបានបើកម៉ូតូឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូហុងដាBeat មួយគ្រឿងរួចបន្តទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសធ្ងន់២នាក់ ចំណែកជនសង្ស័យបានបោកក្បាលស្លាប់ភ្លាមៗ។ 

នៅក្នុងកាបូបជនរងគ្រោះបានទូរស័ព្ទមួយគ្រឿង លុយ៩ម៉ឺនរៀល ។ 
ក្រោយកើតហេតុជនរងគ្រោះដែលជនសង្ស័យជិះម៉ូតូបុកឱ្យរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកសម្ភារជនរងគ្រោះត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។ ដោយឡែកសពជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តគោកចំបក់រង់ចាំស្វែងរកសាច់ញាតិ៕