2024-04-04 03:04
42

រាជធានីភ្នំពេញ៖ បុរសជនជាតិចិន បើករថយន្តម៉ាក ALPHARD ក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តកូរ៉េ បើកបត់ឆ្លងផ្លូវពេញទំហឹង បណ្តាលឪ្យប៉ើងមនុស្សធ្លាក់ពីលើរថយន្តស្លាប់ម្នាក់ក្រោយបញ្ជួនទៅកាន់មន្ទីរពេទ្យ ចំណែក២នាក់ទៀត រងរបួសស្រាល។ហេតុការណ៍ នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី៤ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមាន ឈ្មោះម៉ុម សុវណ្ណដា អាយុ ៣០ឆ្នាំ ជាមន្រ្ដីយោធាបំរើការ នៅអង្គភាព៩១១ រស់នៅសង្កាត់កន្ទោក ខណ្ឌ              កំបូល។ប្រភពបន្ថែមថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងពណ៌ខៀវពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-3960 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត បើកបរចេញពីផ្លូវបេតុងច្រកខ្លោងទ្វារវត្តជន្លង់ម្លូរ ក្នុងទិសដៅពីកើតទៅលិច រួចបានបត់ឆ្វេងឆ្លងផ្លូវជាតិលេខ៣ ខណៈឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកALPHARD ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AS-8858 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តកូរ៉េចំពីមុខផ្នែកចំហៀងទ្វារខាងស្តាំពេញទំហឹងបណ្តាលឲ្យបុរស៣នាក់នៅក្នុងរថយន្តកូរ៉េប៉ើងធ្លាក់ចេញពីក្នុងរថយន្តរងរបួសស្រាល២នាក់ចំណែកម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនដល់មន្ទីរពេទ្យ។      

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចបានអូសយក  រថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕