2024-02-19 09:02
71

ត្បូងឃ្មុំ៖ យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋប្រមាណជាង ១០ម៉ឺននាក់ បានចូលរួមនៅក្នុងពិធីចាប់ត្រី តាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ដែលមានទីតាំងស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤  ដោយមានការអញ្ជើញចូលរួមជាអធិបតីីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំមកពីតាមបណ្តា មន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្តយ៉ាងច្រើនកុះករ ផងដែរ។

យោងតាមរដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ពិធីចាប់ត្រីនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០២៤ នេះឃើញមានវត្តមានបងប្អូនប្រជាពលរដ្ឋមកចូលរួមកាន់តែច្រើនឡើងៗ ជាងឆ្នាំមុនៗទៀតផង ៊ជាពិសេសក្រោមការផ្តួចផ្តើមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ ក្នុងគោលបំណង ដើម្បីរំលឹកដល់ប្រពៃណីនៅតាមភូមិស្រុក និងការថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណ តរៀងមក ក៏ដូចជាដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជួបជុំគ្នាជាមួយបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ យ៉ាងសប្បាយរីករាយផងដែរ ។

សូមជម្រាបថា តំបន់បឹងក្រមនេះ មានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ជារៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរពាក់ព័ន្ធ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាត្រីទុកសម្រាប់ធ្វើពិធីចាប់ត្រីរួមគ្នា។ ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណតែប៉ុណ្ណោះរួមមាន ដូចជា អង្រុត ឈ្នាង និងត្រក ជាដើម។

គួរបញ្ជាក់ដែរថា ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា មានការប្រគុំតន្ត្រី រាំលេងកំសាន្ត  ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ ថែមទៀតផង ដោយក្នុងនោះអ្នកដែលចាប់ត្រីបានច្រើនជាងគេ លេខ១ទទួលបានថវិកាចំនួន  50ម៉ឺនរៀល  លេខ២ ចំនួន 40 ម៉ឺនរៀល លេខ៣ ចំនួន 30 ម៉ឺនរៀលលេខ៤ ទទួលបានថវិកា 20 ម៉ឺនរៀល និងលេខ៥ ទទួលបានថវិកាចំនួន 10 ម៉ឺនរៀលផងដែរ ដោយឡែកអ្នកដែលជាប់លេខ៦ ដល់លេខ១០ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន 5 ម៉ឺនរៀល ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ព្រមទាំងចែកជូននំបញ្ចុកសម្លរខ្មែរ និងត្រីស្រស់ ចំនួន៣០០គីឡូក្រាមដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមនៅក្នុងកម្មវិធីនោះផងដែរ៕