2024-01-02 12:01
126

ភ្នំពេញ៖ រឿង «លុយធីប» បានក្លាយជាប្រធានបទដ៏ក្តៅគគុក ត្រូវបានមហាជនលើកយកមកវិភាគ និងបញ្ចេញមតិតាមតុកាហ្វេរ និងផ្ទុះកក្រើកលើបណ្តាញសង្គម នៅដើមឆ្នាំ២០២៤ នេះ បន្ទាប់លោកស្រី ទ្រី ដាណា ជាអ្នកជំនួញអនឡាញល្បីល្បាញម្នាក់ បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ គ្មានសុជីវធម៌ តាមរយៈវីដេអូរទៅលើបុគ្គលិកផ្នែកសេវាកម្ម ដូចជា លើម្អូប និងចាប់ទឹកកក យឺតយាវមិនបានបម្រើដិតដល់តាមតម្រូវការរបស់ខ្លួន។

ក្រោយពីរងការរិះគន់ជាច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម និងមហាជនពាក់ព័ន្ធនឹងរឿង«លុយធីប» ដែលចោទប្រកាន់ថា ខ្លួនដៀលអ្នកក្រនោះ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា «ហេតុអ្វីបានបង្វែរសាច់រឿងចឹង? ឥលូវអ្នកណាដែលថា ខ្ញុំដៀលអ្នកក្រហ្នឹង! ហ៊ានទៅស្បថ នៅព្រះអង្គដងកើល្ងាចនេះ ម៉ោង ០៦និង០០នាទីល្ងាចនេះជួបខ្ញុំ»។

លោកស្រី ទី ដាណា អ្នកជំនួញអនឡាញដែលមហាជនតែងតែឃើញសកម្មភាព បង្អូតនូវភាពហឺហា  និង High Show លើបណ្តាញសង្គមមានសរសេរបែបនេះ កាលពីថ្ងៃច័ន្ធ ទី០១ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។

លោកស្រី ទ្រី ដាណា បានសរសេរទៀតថា «ខ្ញុំបានស្បថមុខព្រះអង្គដងកើហើយ! អ្នកដែលនិយាយថា នាងខ្ញុំមើលងាយដៀលអ្នកក្រ សូមអោយអំពើទាំងអស់នេះត្រលប់ទៅអ្នកវិញ ព្រោះអ្នកបានបំពានការពិត»។ 

លោកស្រី ទ្រី ដាណា បានសរសេរទៀតថាៈ ដើម្បីស្វែងរកយុត្តិធម៍សម្រាប់ខ្លួនឯង ហើយសូមឲ្យទេវតាដាក់បណ្ដាសារទៅកាន់អ្នកដែលបំភ្លើស បង្វែរសាច់រឿង បង្ខូចលោកស្រីធ្វើដែលធ្វើមហាជនយល់ច្រឡំស្អប់រូបនាង។ 

ក្នងសំណេរលោកស្រី ទ្រី ដាណា បានបញ្ជាក់ថា «ប្រសិនបើលោកស្រីបានមើលងាយអ្នកក្រ ដូចការបង្ហោះទាំងនោះមែនសូមឲ្យនាងវិនាស។ តើបើមិនមែនជាការពិត? សូមឲ្យអ្នកនិយាយ ឬបង្ហោះនោះ ជួបកម្មពារនៅជាតិនេះ នៅឆ្នាំ២០២៤ នេះ ដើម្បីកុំឲ្យចេះតែនិយាយទៀត»។

លោកស្រី ទ្រី ដាណា បានដាក់បណ្តាសារឲ្យអ្នកថា លោកស្រីមើលងាយអ្នកក្រថា «អ្នកឯងជួបតែភាពវិនាស ជួបគ្រោះ ធ្លាក់ចុះគ្មានថ្ងៃឡើង»។
សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុនឆ្លងឆ្នាំសាកល២០២៤ លោកស្រី ទ្រី ដាណា និងប្តីក្រោយវ័យក្មេងពេញកម្លាំង បានបរិភោគអាហារក្នុង Resort មួយ ប៉ុន្តែពេលដែលពួកគេកំពុងទទួលទានផ្នែកសេវាមានការឈឺតយ៉ាវមិនបានយកចិត្តយកថ្លើមលោកស្រីដិតដល់ ព្រោះភ្ញៀវចូលច្រើន ក៏បាននិយាយក្នងការឡាយវីដេអូរថា «កុំឲ្យលុយធីមពួកវា ម៉ោងលុយធីបមក ប៉ុន្តែម៉ោងការងារអត់មកទេ ១០០រៀលក៏មិនឲ្យដែរ អ្នកណាធ្វើបានឲ្យលុយ វាមិនដែលម៉ែឪឯណាភ្ញៀវមកអត់មានស៊ីវីសអីមួយទេ»។

សូមបញ្ជាក់ថា សម័យ Internet កំពុងរីកចំរើនក្នុងក្រុម MMO មួយចំនួនធំបានផលិតមាតិការវីដេអូផ្សេងៗ ដោយប្រើពាក្យសម្តីមិនសម (មាត់ដាច) កាយវិកាយហួសព្រំដែន ក្នុងនោះ ក៏មានអ្នកលក់លើបណ្តាញអនឡាញល្បីៗ បានប្រើប្រាស់វេទិកាទាំងនេះ ដើម្បីជាការទាក់ទាញអ្នកទស្សនាបានច្រើន និងចូលទិញផលិតផលរបស់ខ្លួនមិនខ្វាយខ្វល់ពីការប៉ះពាល់ដល់សង្គម និងសីលធម៌ឡើយ៕