2023-08-16 02:08
242

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសព័ត៌មានស្តីពី ការបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» ជាប្រភេទឱសថប៉ូបលិង្គ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ផលិតផលឈ្មោះ «ម្សៅកន្ទួតព្រៃអាយុវែង» ដែលបានផ្សព្វផ្សាយលក់លើបណ្តាញសង្គម។ 

ការប្រកាសបិទរបស់ក្រសួងសុខាភិបាល បន្ទាប់មន្ត្រីជំនាញធ្វើការវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល រកឃើញថា «ផលិតផល ម្សៅកន្ទួតព្រៃអាយុវង (AMLA GINGER & CURCUMIN) មានទម្ងន់ ១២០ក្រាម ក្នុងមួយដបកែវ មានដាក់សារធាតុ Betamethasone និង Meloxicam ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព របស់អ្នកប្រើប្រាស់»។ 

ពាក់ព័ន្ធរកឃើញ សារធាតុ Betamethasone និង Meloxicam នៅក្នុងផលិតផល ម្សៅកន្ទួតព្រៃអាយុវង (AMLA GINGER & CURCUMIN) ក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ផលិតផលខាងលើនេះជាបន្ទាន់ ព្រោះបានផលិតមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ 

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បិទសិប្បកម្ម លីង កិន និងវេចខ្ចប់ «ហ៊ឹបខ្មែរ Herb Khmer» មានអាសយដ្ឋាន ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងប្រមូលផលិតផលខាងលើយកមកកម្ទេចចោល ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់៕