2023-06-01 01:06
415


បន្ទាយមានជ័យ៖ ក្រុមជាងដែកបាននាំគ្នាចូលផឹកស៊ី និងច្រៀងកម្សាន្តសប្បាយ ស្រី ញី អោបថើបអូន បងក្នុងហាងការ៉ាអូខេយីហោ «ឌឹហ្គោល» លុះដល់ពេលគិតលុយមេជាងដែក តម្រូវឱ្យកូនជាងជួយចេញថ្លៃបន្ទប់ ស្រាប់តែកូនជាងផ្ទុះកំហឹងទាញដុំថ្មគប់កញ្ចក់រថយន្តរបស់មេជាងបែកខ្ទេច ព្រោះប្រាប់ហើយថាគ្មានលុយចេញ ប៉ុន្តែមេជាងនៅតែបង្ខំឱ្យចេញ។


កូនជាងដែកដែលបានបង្កការខូចខាតរថយន្តមេជាងដោយចេតនា ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួននៅថ្ងៃទិ៣១ ខែឧសភា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងហាងការ៉ាអូខេ «ឌឹហ្គោល» ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយពិនិត្យទឹកនោមមានផ្ទុកសារធាតុគ្រឿងញៀនផងដែរ។ 
មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យដែលគប់កញ្ចក់រថយន្តមេជាងដែកមានឈ្មោះ កែវ ផានិត ហៅខ្លឹង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាងផ្សាដែក បច្ចុប្បន្នស្នាក់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មន្ត្រីប៉េអឹមបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ ផានិត ហៅខ្លឹង បានយកដុំថ្មគប់ទៅលើកញ្ចក់រថយន្តមេជាងរបស់ខ្លួនបណ្តាលឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្ត នៅវេលាម៉ោង ០៣និង៤០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខារ៉ាអូខេ «ឌីហ្គោល» ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈពេលកម្លាំងអន្តរាគមន៍កំពុងចុះល្បាតក៏ទទួលព័ត៌មានពីអ្នកគ្រប់គ្រងខារ៉ាអូខេមានករណីគប់កញ្ចក់ឡាននេះ កម្លាំងកងអន្តរាគមន៍ចុះរឃាត់ខ្លួនជនសង្ស័យយកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញវិជ្ជមាន។ 


ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើកញ្ចក់រថយន្ត ម៉ាកតូយ៉ូតា ព្រុស ពណ៍ទឹកសមុទ្រ របស់មេជាងផ្សាដែកពិតប្រាកដមែន ព្រោះខឹងររឿងមេជាងរបស់ខ្លួនឱ្យជួយចេញថ្លៃបន្ទប់ KTV ដោយខ្លួនប្រាប់ថាមិនមានលុយមេជាងមិនជឿបានដើរចេញទៅក្រៅបាត់ទើបកើតចិត្តខឹងរើសដុំឥដ្ឋគប់កញ្ចក់រថយន្តតែម្តង»
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានបញ្ជាក់ដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕