2024-02-22 06:02
73

បាត់ដំបង៖  នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ឆ្នាំ២០២៤ក្រោមប្រធានបទ“រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុង                         សហគមន៍” ។
   នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៣ រយៈពេល៣១ឆ្នាំកន្លងមក ផ្ទៃដីទំហំជាង ៣០០០គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧៦ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ៥ភាគរយនិងផ្សេងៗ១៩ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន និងមណ្ឌលសុខភាពជាដើម។
   ឯកឧត្តមបន្ថែមថា ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយកម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដីដែលមានមីនជាង ៥០០គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន ១ ៣២១គីឡូម៉ែត្រការ៉េបន្ថែមទៀតដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»។ជាមួយគ្នានេះ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់និងផលប៉ះពាល់អវិជ្ជមាន ដោយ សារគ្រឿងផ្ទុះនៅតាមសហគមន៍ ដែលយើងត្រូវតែយកចិត្តទុកដាក់។

  ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ ប្រតិបត្តិករជាតិ និងអន្តរជាតិ សប្បុរសជន ជាពិសេសកងកម្លាំងដោះមីនដែលបានខិតខំចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការបោសសម្អាតមីនលក្ខណៈមនុស្សធម៌ផ្ដល់សុខសុវត្ថិភាពជំរុញការអភិវឌ្ឍនិងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕