2024-01-19 04:01
72

ភ្នំពេញ៖     បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖ ដើម្បីធានាបាននូវសុខុមាលភាពជូនដល់ប្រជាពលរដ្ឋ មន្ត្រីជំនាញ បានបន្តត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ខូចគុណភាព និងមានផ្ទុកសារធាតុគីមីហាមឃាត់រយៈពេលប៉ុន្មានថ្ងៃនេះ ជាលទ្ធផលរកឃើញ បង្គាមានចាក់ចាហួយចំនួន៩.៥គីឡូក្រាម និងពពុះសណ្តែក ៧គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់(Borax)។ 

ជាក់ស្ដែងសាខា ក.ប.ប. ខេត្តកោះកុង ស្វាយរៀង កំពត និងខេត្តកែប កាលពីថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ចុះត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទដែលដាក់លក់នៅគ្រប់ទីតាំងអាជីវកម្មនានា ស្ថិតក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយបានរកឃើញទំនិញចម្រុះខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៣៥២.៣៦គីឡូក្រាម។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគំរូសំណាកម្ហូបអាហារចំនួន ២៥គំរូ រួមមានពពុះសណ្តែក បង្គា មឹក ត្រីងៀតសមុទ្រ សណ្តែកបណ្តុះ ។ល។  ដែលជាលទ្ធផល ពពុះសណ្តែក ចំនួន ៧គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់(Borax)។

សូមបញ្ជាក់ផងដែរថា ទំនិញដែលពុំមានអនុលោមភាពទាំងនោះត្រូវបានមន្ត្រីជំនាញដកហូត យកមករក្សាទុកនៅស្នាក់ការសាខាដើម្បីបន្តនីតិវិធី។ 
ជាមួយគ្នានេះ មន្ត្រីនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសមុទ្រ នៅលើផ្លូវ៥៩៨ ត្រឡោកបែក សរុបចំនួន៩ទីតាំង ដោយបានដកយកគំរូសំណាកចំនួន ២២គំរូ រួមមានមឹក បង្គា ក្តាម បង្កង ត្រីសមុទ្រ ។ល។ មកធ្វើតេស្តនិងវិភាគនៅក្នុងរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីពិនិត្យនិងការពារក្រែងមានការដាក់លាយសារធាតុគីមីហាមឃាត់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ 

ជាលទ្ធផល ក្រោយការពិនិត្យយ៉ាងហ្មត់ច៉ត់ មន្ត្រីយើងបានរកឃើញ «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ដោយបានដកហូតភ្លាមៗ រួមទាំងចាត់វិធានការចំពោះម្ចាស់ទំនិញតាមនីតិវិធីផងដែរ៕