2024-03-02 11:03
91

ភ្នំពេញ៖ យុវជនម្នាក់ ដែលជាអ្នកផលិតមាតិការបង្ហោះលើបណ្តាញសង្គម Tik Tok & Facebook Thee ដែលបង្ហោះវីដេអូមិនពិតករណីដុតគ្រឿងញៀននៅកម្ពុជា ក្រោយការព្រមានរបស់អង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ​ បានចេញមុខមកសុំទោសជាសាធារណៈ និងបានលប់វីដេអូនោះចេញវិញរួចហើយ។

ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន ចេញសេចក្តីបំភ្លឺពាក់ព័ន្ធគណនី TikTok ឈ្មោះ «MRR RAM» និង គណនី Facebook ឈ្មោះ «Boy Thee» ដែលបង្ហោះវីដេអូមិនពិតករណីដុតគ្រឿងញៀន ដោយព្រមានទុកពេល ២៤ម៉ោង ឱ្យបុគ្គលឈ្មោះ សម្បត្តិ សំបូរ លុបវីដេអូចេញពី TikTok និង Facebook ឱ្យអស់ និងធ្វើការកែតម្រូវខ្លឹមសារពាក្យពេចន៍របស់ខ្លួនឡើងវិញនោះ, នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នេះ បុគ្គលរូបនេះ បានចេញមកបង្ហោះវីដេអូសុំទោស ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ចំពោះកំហុសឆ្គងរបស់ខ្លួន ដោយមានការយល់ច្រឡំ អំពីករណីដុតបំផ្លាញគ្រឿងញៀននៅកម្ពុជា ។

បុគ្គលឈ្មោះ សម្បត្តិ សំបូរ បាននិយាយសារភាព និងទទួលស្គាល់នូវកំហុសថា «ដោយសាររូបគេមិនបានទទួលព័ត៌មាន អំពីការដុតបំផ្លាញរបស់ ក្រសួងស្ថាប័នពាក់ព័ន្ធ ទើបមានការយល់ច្រឡំថា មិនមានដុតបំផ្លាញគ្រឿងដែលរឹបអូសបានពីជនល្មើស តែការពិតតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ គឺការដុតបំផ្លាញគ្រឿង ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ» 

បុគ្គលរូបនេះ ក៏បានលើកឡើងទៀតថា «ដោយសារវីដេអូមុនខ្លួនបាននិយាយប៉ះពាល់ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដូច្នេះរូបគេសូមការអភ័យទោស»

ក្នុងនាមស្ថាប័នអនុវត្តន៍ច្បាប់គ្រឿងញៀន មន្ទីរប្រឆាំងគ្រឿងញៀន សូមកោតសរសើរដល់បុគ្គល សម្បត្តិ សំបូរ ដែលបានដឹងកំហុសឆ្គងរបស់ខ្លួន ចេញមុខមកសុំទោស ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធជាសារធារណៈ៕