2023-03-21 04:03
512

ភ្នំពេញ៖  អាជ្ញាធរខណ្ឌទួលគោក បានចាត់មន្ត្រីជំនាញចុះទៅពិនិត្យទីតាំងដែលមានប្រជាពលរដ្ឋយកប៉េតុងចាក់លប់គល់ និងតម្រូវឲ្យគាស់ប៉េតុងនោះចេញបន្ទាន់ប្រសិនបើក្នុងថ្ងៃក្រោយដើមឈើនោះងាប់ត្រូវទទួលខុសត្រូវថែមទៀតផង។

ករណីប្រជាពលរដ្ឋម្នាក់ ចាក់ប៉េតុងលប់គល់ឈើខាងលើ បានធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងបន្ទាប់រូបថតប៉ុន្មានសន្លឹកត្រូវបានចែកចាយលើបណ្តាញសង្គមនានា នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣នេះ នៅលើចិញ្ចើមផ្លូវលេខ២៨៩ មុខផ្ទះលេខ៤៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

ក្រោយពីមហាជនរិះករណីនេះ អាជ្ញាធរខណ្ឌទួលគោក បានចុះពិនិត្យ និងណែនាំដល់ម្ចាស់ផ្ទះ និងតម្រូឲ្យម្ចាស់ទីគាស់ប៉េតុងចេញពីគល់ឈើជាបន្ទាន់ដោយរៀបចំឲ្យមាន សោភ័ណភាពល្អដូចដើមវិញ។ 

កំណត់ហេតុ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ របស់អាជ្ញាធរខណ្ឌទួលគោក បានបង្ហាញថា ក្រុមការងារបានពិនិត្យឃើញថា នៅមុខទីតាំងផ្ទះលេខ៤៤ ផ្លូវលេខ២៨៩ បានចាក់សាបលុបគល់ឈើ នៅលើចិញ្ចើមផ្លូវលេខ ២៨៩ ចំនួន ០៤ដើម។ ក្រោយពីបានពិនិត្យរួច ក្រុមការងារ បានសម្រេចឱ្យឈ្មោះ សាត ពិសិដ្ឋ ភេទប្រុស គាស់កាយសាប ជុំវិញគល់ឈើទាំង ០៤ដើមនេះ ឱ្យបានល្អ មិនត្រូវរំលោភចិញ្ចើមផ្លូវសាធារណៈ យកទៅធ្វើអាជីវកម្មជាដាច់ខាត ក្នុងករណីដើមឈើដើមនេះងាប់ម្ចាស់ទីតាំង ត្រូវទទួលខុសត្រូវ ក្នុងការដាំឡើងវិញ រួចថែរក្សាឱ្យបានល្អ ក្នុងករណីមិនអនុវត្ត តាមការណែនាំនោះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ សម្ភារៈរបស់លោកឡើយ។ 

សូមរំឭកថា ចំពោះជនណាដែលលួចកាប់បំផ្លាញដើមឈើនៅតាមផ្លូវសាធារណៈ ក្នុងអាជ្ញាធរចាប់បាននឹងត្រូវពិន័យជាប្រាក់មួយដើមចាប់ពីពីរលានរៀលឡើង៕