2024-01-31 05:01
63

(កណ្ដាល)៖ សាខាគយ និងរដ្ឋាករខេត្តកណ្ដាល សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកកៀនស្វាយ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានធ្វើការដុតបំផ្លាញចោលបារីចំនួន ៩៤ កេស  មានទម្ងន់១,៣២២ គីឡូក្រាម បារីទាំងនេះ ត្រូវបានកម្លាំងចល័ត នៃសាខាគយ និងរដ្ឋាករខេត្តកណ្តាល ក្រោមការដឹកនាំរបស់លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល ស្ទាក់ចាប់ និងបង្ក្រាបបាន ក្នុងភូមិសាស្ត្រ នៃខេត្តកណ្តាលនាពេលកន្លងទៅ ។

បើតាមលោក អន ស៊ីនួន បានឲ្យដឹងថា ការដុតបំផ្លាញចោលនេះ ក្នុងគោលបំណងមិនអនុញ្ញាតឲ្យដាក់លក់លើទីផ្សារ ដោយសារតែបារីទាំងនេះ គ្មានប្រភពច្បាស់លាស់ ពុំមានបិទតែមប្រិ៍ និងសារព្រមានសុខភាព សំដៅការពារ និងលើកកម្ពស់សុខភាពសាធារណៈ។

ឆ្លៀតក្នុងឱកាសនេះ លោក អន ស៊ីនួន សូមអំពាវនាវដល់អ្នកនាំចូលទាំងអស់ ពិសេសអ្នកបើកបរ ត្រូវយល់ដឹងពីផលវិបាកនៃអំពើរត់គេចពន្ធ ត្រូវស្វែងយល់ពីច្បាប់គយ ព្រោះកន្លងមក អ្នកបើកបរតែងតែរងគ្រោះ ចាញ់បោកឈ្មួញខិលខូច ឲ្យដឹកទំនិញគេចពន្ធដោយមិនដឹងខ្លួន ដោយសារពួកគាត់មិនបានយល់ដឹងពីច្បាប់ស្តីពីគយ។
ជាមួយគ្នានោះដែរលោកក៏បានប្ដេជ្ញាថា នឹងបន្តសកម្មភាពទប់ស្កាត់ បង្រ្កាប រាល់បទល្មើសនានា ក្រោមជំនាញរបស់ខ្លួនដូចភ្លៀងរលឹម។

សូមជម្រាបថា បារីដែលមានបញ្ហាទាំងនេះ រួមមាន៖ ទី១.បារីម៉ាក ៥៥៥ ចំនួន ៥៦កេស ស្មើ៧៨៣៤គីឡូក្រាម, ទី២.បារីម៉ាក  CRAVEN DEMI ចំនួន៨កេស ស្មើ៨៨គីឡូក្រាម និង ទី៣.បារីម៉ាក  DAVIDOFF ចំនួន៣០កេស ស្មើ៤៥០គីឡូក្រាម ដោយដុតបំផ្លាញចោលនៅទីតាំងមួយកន្លែង ស្ថិតនៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។