2023-06-29 02:06
902

ភ្នំពេញ ៖ លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមជំនុំជម្រះសាលា ដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសសាលក្រមផ្តន្ទទោសលើសំណុំរឿងឈ្មួញគ្រឿងញៀន២ នាក់ ម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត និងម្នាក់ឲ្យជាប់ក្នុងពន្ធនាគារ ២៥ ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋក្នុងម្នាក់៤០ លានរៀល ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ 

សាលក្រមបានប្រកាសធ្វើឡើងជាសាធារណៈ និងបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុក្ខមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។ 

ជនជាប់ចោទ២ នាក់ ម្នាក់ឈ្មោះ ហ៊ីម ឆេងហ៊ួរសុដាវីដ ភេទប្រុស អាយុ២២ ឆ្នាំ ត្រូវបានសាលក្រមផ្តន្ទទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន៤០ លានរៀល ។ និងម្នាក់ឈ្មោះ ហ៊ាត រ៉ូ ហៅ តោ ភេទប្រុស អាយុ២៧ ឆ្នាំ សាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ២៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤០ លានរៀល ។ 

សូមជម្រាបថា ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនឈ្មួញគ្រឿងញៀន២ នាក់ នឹងសាធាតុញៀនជាង២៦ គីឡូក្រាមទៅតុលាការ ដើម្បីចោទប្រកាន់ជាផ្លូវការ និងឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ 

ទាក់ទិន និងការនាំខ្លួនឈ្មួញគ្រឿងញៀន២ នាក់ទៅតុលាការនោះ ដោយអនុវត្តតាមការណែ នាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សារធាតុញៀនជាច្រើនប្រភេទ សរុប២៦ គីឡូ២ខាំ (២៦.១៩៩៨ គីឡូក្រាម) ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ និងខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ទើបមានភស្តុតាងកំណត់មុខសញ្ញាបានជាក់លាក់ ឈានដល់ការបង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង២០ និង៤៥ នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុច ផ្ទះលេខ A6-1577 ផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្ស័យ២ នាក់ ម្នាក់ឈ្មោះ ហ៊ីម ឆេងហ៊ួរសុដាវីដ និង ឈ្មោះ ហ៊ាត រ៉ូ ហៅតោ នេះ ។ ពេលឃាត់ខ្លួនជនសង្ស័យសមត្តកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ៖

.សារធាតុញៀនចម្រុះសរុបជាង២៦ គីឡូក្រាម 

.សារធាតុផ្សំជាវត្ថុរាវ ចំនួន១៥ ដប 

.ជញ្ជីងថ្លឹងចំនួន០៥

.ម៉ាស៊ីនសម្រាប់លាយថ្នាំញៀន ចំនួន០២ គ្រឿង

.ម៉ាស៊ីនសម្រាប់អ៊ុតថង់ប្លាស្ទិចចំនួន០៥ គ្រឿង និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត ៕