2024-02-12 04:02
72

ភ្នំពេញ៖ ព្រះភិក្ខុសង្ឃ១អង្គបានទទួលយកទារកម្នាក់ពីអាជ្ញាធរសង្កាត់ចោមចៅទី៣ ដើម្បីយកទៅចិញ្ចឹមបីបាច់ថែរក្សា ដូចជាសាច់ញាតិរបស់ព្រះអង្គ បន្ទាប់មកព្រះអង្គបានយកទារកនោះទៅឲ្យញោមរបស់ព្រះអង្គនៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល មើលថែដោយព្រះអង្គជាអ្នកទំនុកបម្រុងពីក្រោយ ហើយព្រះអង្គក៏មានបំណងថាពេលចិញ្ចឹមទារកនោះធំហើយនិងបំបួសឲ្យបានរៀនសូត្រនិងគេ។  ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ ក្រោយពេលដែលព្រះសង្ឃអង្គនោះយកទារកខាងលើទៅចិញ្ចឹមបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ស្រាប់តែលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បញ្ជាឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួនទៅទាមទារយកទារកនោះពីព្រះសង្ឃវិញ។

 ព្រះសង្ឃអង្គនោះព្រះអង្គមិនបានប្រឆាំងនិងបញ្ជារបស់លោកប្រធានមន្ទីរសង្គមកិច្ចរូបនោះឡើយ ហើយនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះអង្គក៏បាននិមន្តនាំយកទារកនោះមកកាន់សាលាសង្កាត់ចោមចៅទី៣ រួចប្រគល់ឲ្យទៅមន្រ្តីទាំងនោះ ទាំងហួសចិត្ត។ ហើយទាំងព្រះអង្គរួមនិងមន្រ្តីសាលាសង្កាត់ចោមចៅទី៣មួយចំនួនបានស្រក់ទឹកភ្នែក ដោយក្ដីអាលោះអាល័យចំពោះទារកនោះគ្រប់ៗគ្នា ចំណែកឯមន្រ្តីមន្ទីរសង្គមកិច្ចទាំងនោះវិញ មិនបានប្រាប់ពីមូលហេតុអ្វីដែលទាមទារយកទារកពីព្រះសង្ឃនោះទេ គ្រាន់តែប្រាប់ថាធ្វើតាមបញ្ជាលោកប្រធានមន្ទីរប៉ុណ្ណោះ។

 តាមប្រភពព័ត៌មានបានឲ្យដឹងថា ព្រះសង្ឃដែលបានយកទារកខាងលើទៅចិញ្ចឹមបីបាច់ថែរក្សានោះព្រះនាមមឿន ចាន់ ព្រះជន្ម២៩វស្សា គង់នៅវត្តសេរីសុខា ស្ថិតនៅភូមិសេរីសុខា ឃុំក្រែង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកទារកខាងលើទើបនិងកើតហើយត្រូវបានជនមិនស្គាល់មុខយកទៅប្លុងចោល កាលពីវេលាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបុរីជារីភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្រោយមកត្រូវបានអ្នកភូមិរើសយកទៅប្រគល់ជូនអាជ្ញាធរសង្កាត់ចោមចៅទី៣ ដំណឹងនេះបានលេចឮដល់ព្រះសង្ឃខាងលើ ព្រះអង្គក៏បានទំនាក់ទំនងដើម្បីបិណ្ឌបាត្រសុំយកទារកនេះទៅចិញ្ចឹម ។

 ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ក្រោយពីមានការព្រមព្រៀងពីអាជ្ញាធរ ព្រះសង្ឃអង្គនោះក៏បាននិមន្តទៅកាន់សាលាសង្កាត់ចោមចៅទី៣ទាំងយប់ ហើយបានទៅដល់នៅវេលាម៉ោង៩យប់ថ្ងៃដដែល ពេលនោះព្រះអង្គបានទទួលយកទារកនោះពីមន្រ្តីសាលាសង្កាត់នោះដោយផ្ទាល់។បន្ទាប់មកព្រះអង្គបាននាំយកទារកទៅឲ្យញោម(ឪពុក ម្ដាយ) ព្រះអង្គនៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល ជួយមើលថែដោយព្រះអង្គជាអ្នកជួយទំនុកបម្រុងពីក្រោយ រហូតដល់ធំនិងបំបួសឲ្យបានរៀនសូត្រនិងគេ។

 ប្រភពខាងលើបានឲ្យដឹងបន្តថា ប៉ុន្តែបានត្រឹមតែរយៈពេល៥ថ្ងៃប៉ុណ្ណោះគឺនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ស្រាប់តែមានមន្រ្តីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញបើករថយន្តទ្រុង១គ្រឿងម៉ាក ISUZU ពណ៍ ស ពាក់ស្លាកលេខភ្នំពេញ2BB-4558។ ទៅកាន់សាលាសង្កាត់ចោមចៅទី៣ ទាមទារឲ្យអាជ្ញាធរសង្កាត់ទូរស័ព្ទទៅកាន់ព្រះសង្ឃឲ្យយកទារកនោះមកប្រគល់ឲ្យខ្លួនវិញ ដោយប្រាប់ថាជាបញ្ជាពីមេរបស់ខ្លួន(លោកប្រធានមន្ទីរ)។ ប៉ុន្តែពុំដឹងថាយកទៅចិញ្ចឹមខ្លួនឯង ឬយកទៅប្រគល់ឲ្យអ្នកផ្សេងចិញ្ចឹមបន្ត ឬក៏ចិញ្ចឹមនៅក្នុងមន្ទីរនោះទេ ហើយបើតាមមតិនានាបានលើកឡើងទាំងហួសចិត្តថា បើព្រះសង្ឃយកទៅចិញ្ចឹមហើយពុំគួរលោកប្រធានមន្ទីររូបនោះដណ្ដើមយកទៅវិញបែបនេះសោះ៕