2023-04-05 06:04
320

ខេត្តកំពង់ឆ្នាំង៖   សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងក្នុងពិធីបិទសមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» លើកទី៥ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន យ៉ាងដូច្នេះថា៖ ប្រទេសខ្លះ បានតែច្រណែនចិន ប៉ុន្តែអត់ស្នើដើម្បីធ្វើសមយុទ្ធជាមួយកម្ពុជានោះទេ។ សម្ដេចពិជ័យសេនា បន្ថែមថា ការធ្វើសមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» បានបង្ហាញដល់ពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់បានកម្ពុជា-ចិន បន្តរីកចម្រើនកាន់តែខ្លាំងក្លា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបន្តថា លក្ខណៈសម្បត្តិដែលឈានឱ្យកម្ពុជា ធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិន គឺមានច្រើនរឿងច្រើនវិស័យណាស់ បញ្ហាសំខាន់បំផុតយើងមានការខ្វះខាតច្រើនណាស់ ទាំងសម្ភារៈ មធ្យោបាយ ជាពិសេសកិច្ចការងារបម្រើឱ្យសមយុទ្ធ។ ដូច្នេះ ប្រទេសជាមិត្តណាដែលចង់មកធ្វើសមយុទ្ធជាមួយកម្ពុជា ត្រូវតែជាអ្នកផ្គត់ផ្គង់សម្ភារៈ គ្រឿងបរិក្ខានានា តាមតម្រូវការរបស់កម្ពុជា។

សម្តេចពិជ័យសេនា បានថ្លែងបញ្ជាក់ថា៖ «ដូច្នេះ អ្នកខ្លះបានតែថាទេ បើមានបំណងមែនទែនអញ្ជើញមក ពិភាក្សាឱ្យជាក់ស្តែង ពិតប្រាកដមក តើគេអាចនឹងទទួលខុសត្រូវកម្រិតណា? អ៊ឹចឹងអត់មាន មានតែភាគីចិនមួយ ដែលជានិច្ចកាលគឺតែងតែដឹកដសម្ភារៈ ឃើញស្រាប់ហើយសម្ភារដែលដឹកមកធ្វើសមយុទ្ធនេះគាត់អត់យកទៅវិញទេ ប្រគល់ឱ្យយើងទាំងអស់»

ជាមួយគ្នានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានបង្ហាញជំនឿថា សមយុទ្ធនាគមាស ឆ្នាំ២០២៣ លើកទី៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងជួយពង្រឹងសមត្ថភាពទ័ពកម្ពុជា ដើម្បីឆ្លើយតបស្ថានការណ៍ពិភពលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ប្រទេសមួយចំនួនពេលឃើញកម្ពុជាធ្វើសមយុទ្ធជាមួយកងទ័ពរំដោះប្រជាជនចិន បែរជាមកចោទសួរនាំនូវបញ្ហាផ្សេងៗទៅវិញ ប៉ុន្តែ អត់មកពិភាក្សាជាក់ស្តែងណាមួយពីកិច្ចសហការរៀបចំសមយុទ្ធដូចភាគចិននោះទេ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា៖ «ហើយក៏អត់មានការជួយជ្រោមជ្រែងអ្វីឱ្យកម្ពុជា ដំណើរការទៅមុខបាននោះទេ គឺមានតែសាធារណរដ្ឋប្រជាមានិតចិន ខាងផ្នែកយោធា គឺជួយជ្រោមជ្រែងគ្រប់បែបយ៉ាង»

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ថា សម្ភារ និងឧបករណ៍នានាដែលបម្រើឱ្យការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរ គឺសុទ្ធសឹងតែជារបស់កងទ័ពរំដោះប្រជាជនចិន ជាពិសេសភាគីចិន បានបន្តប្រគល់ជូនកងទ័ពកម្ពុជា ដើម្បីប្រើប្រាស់។ សម្តេចចាត់ទុកថានេះ គឺជាមោទនកភាព និងអរគុណយ៉ាងធំធេង ដើម្បីឱ្យកងទ័ពកម្ពុជា មានលទ្ធភាពសម្រាប់ហ្វឹកហ្វឺន និងមានលទ្ធភាពប្រើប្រាស់សម្ភារទាំងអស់នេះជាដើម។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក វួយ វិនហួយ មេបញ្ជា ការ តំបន់ ភូមិភាគខាង ត្បូង នៃ កងទ័ពរំដោះប្រជាជនចិន បានលើកឡើងដែរថា ចិនប្រកាន់ខ្ជាប់គោលនយោបាយការពារជាតិលក្ខណៈការពារ មិនធ្វើអនុតរភាព និងមិនវាទីនិយមជារៀងរហូត។

លោកមេបញ្ជាការរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសចិនប្រកាន់ខ្ជាប់គោលនយោបាយការពារជាតិ លក្ខណៈការពារ មិនធ្វើអនុតរភាពជារៀងរហូត មិនវាទីនិយមជារៀងរហូត ជានិច្ចកាលកងទ័ពចិន ជាកម្លាំងខ្លាំងក្លាមួយសម្រាប់ការពារសន្តិភាពតំបន់ និងពិភពលោក។ 

បន្ថែមពីនេះលោកឧត្តមសេនីយ៍ឯក វួយ វិនហួយ បានបន្តថា ការកើនឡើងនៃកម្លាំងកងទ័ពចិន គឺជាការកើនឡើងនៃកម្លាំងស្រលាញ់សន្តិភាព កងទ័ពចិនរីករាយពួតដៃជាមួយនឹង កងទ័ពនៃប្រទេសដែលស្រលាញ់សន្តិភាព បង្កើនការផ្លាស់ប្តូរលក្ខណៈយុទ្ធសាស្ត្រ ពង្រីក និងពង្រឹងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការប្រកៀកស្មា ឆ្លើយតបនឹងការគំរាមកំហែងរួម»

សូមជម្រាបថា ពិធីបិទសមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» លើកទី៥ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន បានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ព ទាំងពីរកម្ពុជា-ចិន» នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៣ លើកទី៥នេះ បានដំណើរការរយៈពេល២០ថ្ងៃ ដោយមានកម្លាំងចូលរួមចំនួន ២,៨៣១នាក់ ក្នុងនោះកងយោធពលខេមរភូមិន្ទ ២,៧៧៤នាក់ និងកងទ័ពរំដោះប្រជាជនចិន២៥៧នាក់។ សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមានបានចំនួន៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦, ២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួន៣ដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕